ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកការសែតកម្ពុជា បានឲ្យដឹងថា ក្លិបអ្នកការសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជាបន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួន ពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជិវៈដែលនាំឲ្យប៉ះពាវដល់ការលើកកម្ពស់វិស័យសារ ព័ត៌មាននៅកម្ពុជា ជាក់ស្តែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវបានសម្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួន ដែលក្លិបអ្នក ការសែតកម្ពុជាយល់ថា អាចមកពីកង្វះខាតក្នុងការអនុវត្តក្រុមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារព័ត៌មាន នេះបើសេចក្តីប្រកាសព័ត៌មានរបស់ ក.អ.ក នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា ក្លិបអ្នកការសែតកម្ពុជា មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាព សារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឲ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគម សារព័ត៌មាន ជាពិសេសក្លិបអ្នកការសែតកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវីជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មាន ក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួម អនុវត្តដោយស្មារតីទទួលខុសត្រូវ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឲ្យមានការឃឍាត់ខ្លួនដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ ក្លិបអ្នកការសែតកម្ពុជា ចាត់ទុកក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រានប់តឍែជួយអ្នកសារព័ត៌មាន ពីការចោទប្រកាន់ពីបទល្មើស ឬឃាត់ខ្លួនោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេហើយដែលជួយត្រួសត្រាយផ្លូវ អ្នកសារព័ត៌មានក្នុការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យ សារព័ត៌មាននៅកម្ពុជា។
ក្នុងន័យនេះ ក.អ.ក អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិជ្ជាជីវៈដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាពសារព័ត៌មានផងដែរ។
គួរបញ្ជាក់ផងដែរថា នៅចុងឆ្នាំ២០២៣នេះ ក្លិបអ្នកការសែតកម្ពុជា នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២០ ដែលជាវេទិកាដ៏មានសារសំខាន់ និងធំជាងគេរបស់ ក.អ.ក ដោយផ្តោតលើប្រធានបទស្តីពីក្រមសីលធម៌និង វិជ្ជាជីវៈមកពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាត ហើយនឹងចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលរំពឹងថា នឹងជួយរម្លឹកដល់អ្នកសារព័ត៌មានឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តនិងលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅកម្ពុជា៕ ដោយ៖ ស្រស់