ឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត៖  បើរកឃើញកងកម្លាំងណាពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវលុបចេញពីក្របខ័ណ្ឌតែម្តង

0
66

ស្ទឹងត្រែង៖ អាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានការពុះពារជាដាច់ខាតក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀននេះហើយកងកម្លាំងប្រដាប់អាវុធ បើសិនជាមានការពាក់ព័ន្ធជាមួយគ្រឿងញៀនគឺនឹងត្រូវលុបក្របខ័ណ្ឌតែម្តង ដោយយើងបានមើលឃើញជាក់ស្តែង ហើយថាអាណត្តិទី៧នេះ មានការដកចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ដោយសារពាក់ព័ន្ធនិងគ្រឿងញៀន។នេះជាការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ។

ការលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពវរសេនាតូចអន្តរាគមន៍លេខ២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគ១ នៅវរសេនាតូចអន្តរាគន៍២៨៣ ដែលស្ថិតនៅក្នុងភូមិ ញ៉ាងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរខេត្តស្ទឹងត្រែង យោធភូមិភាគមួយ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ពង្រឹងបន្ថែមលើការបង្ក្រាបករណីគ្រឿងញៀនដើម្បីកុំឲ្យសម្ភារៈ(គ្រឿងញៀន)ឆ្លងកាត់បាន ហើយសូមចៀសឲ្យផុតកុំឲ្យមានការពាក់ព័ន្ធដាច់ខាតជាមួយនិងគ្រឿងញៀនទាំងអស់នោះ ដើម្បីឲ្យគេមានលទ្ធភាពឆ្លងកាត់។

ឯកឧត្តមក៏បានណែនាំដល់កងទព័ទាំងអស់សូមចូលរួមជាមួយកងកម្លាំងគ្រប់កងឯកភាព ក្នុងការងារជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន។

ក្រៅពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍កោតសរសើរ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មការពារជាតិ តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ជូនជាតិនិងប្រជាជន។

ឯកឧត្តមក៏មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ ជូនដល់បងប្អូនកងទ័ព និងក្រុមគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ចកាល បានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុង ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធយើង ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណ៌ភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។

នាឱកាសនេះ ឯកឧត្តមហ៊ុន ម៉ានិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ជូនគ្រួសារទ័ព និងប្រជាពលរដ្ឋដែលជួបការខ្វះខាតនៅកងពលតូចអន្តរាគមន៍ លេខ១២៨ សរុបចំនួន៤៥០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មីមួយកេសត្រីខ១០កំប៉ុង និងថវិកាចំនួន៥ម៉ឺន រៀលផងដែរ៕