ឧបនាយករដ្ឋមន្ត្រីការពារជាតិ៖ អគារមិត្តភាពកម្ពុជា-វៀតណាម កើតចេញពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

0
342

រតនគិរី៖ អគារមិត្តភាពកម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់នាពេលនេះ ​បាន​ឆ្លុះបញ្ចាំង​ពីលទ្ធផលជាផ្លែផ្កា កើតចេញពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​ប្រទេសទាំង​ពីរសម្រាប់ឆ្នាំ២០០៣នេះ។នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ

នាឱកាសអញ្ជើញជាអធិបតីរួមជាមួយឧត្តមសេនីយ៍ត្រី ហឿ វ៉ាន់ទឿង​ មេបញ្ជាការរង យោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាម ​តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម ក្នុង​សម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មី មួយខ្នង ដែលជាសំណង់អគារមិត្តភាពកម្ពុជា វៀតណាម ស្ថិត​ក្នុងវរសេនាតូចលេខ ២ តំបន់ប្រតិបត្តិការសឹករង រតនគិរី ជាអំណោយរបស់ក្រសួងការពារប្រទេស​វៀតណាម នៅថ្ងៃទី ១៣ខែធ្នូ ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក ថា អគារមិត្តភាពកម្ពុជា-វៀតណាម ​ដែលសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នាពេលនេះ ជា​សមិទ្ធផល​ថ្មីមួយថែមទៀត ​ដែលក្រសួងការពារប្រទេស ​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់ជូន​ក្រសួងការពារជាតិនៃ ព្រះរាជាណាចក្រកម្ពុជា ​បន្ទាប់ពីអគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម “X16” សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងមក។

នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា «សមិទ្ធផលនេះ ​បាន​ឆ្លុះបញ្ចាំង​ពីលទ្ធផល​ជា​ផ្លែផ្កា កើត​ចេញ​ពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ ​គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា​និងវៀតណាម សម្រាប់ឆ្នាំ២០០៣នេះ ​និងជាការចូលរួមអបអរសាទរជំនួប​ប្រាស្រ័យមិត្តភាព​ការពារជាតិថ្នាក់រដ្ឋមន្ត្រី ​លើកទី១ ចំនួន៣ប្រទេស ​កម្ពុជា-ឡាវ-វៀតណាម ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី១៤ ​ខែធ្នូ ឆ្នាំ២០២៣ សំដៅរួមចំណែកបង្កើន​ទំនាក់ទំនង​ជិតខាងល្អ ​មិត្តភាពជាប្រពៃណី កិច្ច​សហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការរៀបចំសម្ពោធអគារមិត្តភាពកម្ពុជា-វៀតណាម នាថ្ងៃនេះ ​បានរួមចំណែកយ៉ាងសំខាន់ក្នុងការ​ចូលរួម​អបអរសាទរ​នូវសមិទ្ធផលនានា ដែល​កងទ័ពប្រទេសទាំងពីរ​សម្រេចបាននាពេលកន្លងមក​ក្នុងស្មារតី ​លើកកម្ពស់​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ​គ្រប់ជ្រុងជ្រោយ ​នឹងបង្កើនថែមទៀតនូវទំនាក់ទំនង​សហប្រតិបត្តិការកសាងខ្សែព្រំដែន​កម្ពុជា-វៀតណាម​ មាន​សន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​ប្រកបដោយមិត្ដភាព​ សំដៅរួមគ្នាសហការអភិវឌ្ឍន៍​គ្រប់គ្រង រក្សាការពារតំបន់ព្រំដែន ឱ្យក្លាយ​ទៅជាតំបន់សេដ្ឋកិច្ចវិនិយោគ ​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកទេស​នាពេលខាងមុខ ដែលជា​និមិត្តរូប​នៃ​ចំណងសាមគ្គីភាព​ស្អិតរមួត​រវាង​ប្រជាជាតិ និង​ប្រទេសយើងទាំងពីរ។

ជាមួយគ្នានោះដែរឯកឧត្តម ​បានសម្តែងជំនឿយ៉ាងមុតមាំថា ​ក្រោយពី​ការរៀបចំពិធីសម្ពោធ​អគារ​នា​នេះទៅ កងទ័ពនៅតាមព្រំដែនប្រទេសទាំងពីរ ​នឹងបន្តលើកកម្ពស់ ​និងពង្រីកបន្ថែមទៀត​នូវ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ​តាមស្មារតីមិត្តភាពជាប្រពៃជា ភាពជា​អ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង​ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង​អនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ​កិច្ចសហប្រតិបត្តិការ​ និងការសម្រេចចិត្តនានា​របស់ថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ​នាពេលថ្មីៗនេះ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី ទៀ វ៉ាន់ទឿង ​តំណាងរដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានបញ្ជាក់ថា សំណង់មិត្តភាព ​ដែលជាជំនួយដោយក្រសួងការពារប្រទេសវៀតណាម នឹង​មានអត្ថន័យជាក់ស្តែងចំពោះអង្គភាព ​បង្កលក្ខខណ្ឌងាយស្រួលដល់ជីវភាព និងលើកម្ពស់​គុណភាព អនុវត្តន៍ការងាររបស់កម្មាភិបាល ​នាយទាហានវរសេនាតូចលេខ២ តំបន់​ប្រតិបត្តិការសឹករងខេត្តរតនគិរី​ បន្ថែមទៀត​ រួមចំណែក​លើក​កម្ពស់​លទ្ធភាពការពារសន្តិសុខ​នយោបាយ, សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ​ក្នុងតំបន់ព្រំដែនប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ត្រី ទៀ វ៉ាន់ទឿង បានបន្តថា កងកម្លាំង​ប្រដាប់​អាវុធ​យោធភូមិភាគទី៥ កង​ទ័ពប្រជាជនវៀតណាម ​ធ្វើការអស់ពីកម្លាំងកាយចិត្ត ​ជាមួយយោធភូមិភាគ​ ទី១ និងទី ៣ ស្ថិតខេត្តទិស​ឥសាន្ត​របស់កម្ពុជា​ រក្សាបានស្ថិរភាព​ និងអភិវឌ្ឍន៍​ចំណងសាមគ្គីភាព, មិត្តភាពជាប្រពៃណី (អ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការ ​លើគ្រប់វិស័យ រឹងមាំយូរអង្វែង) ​ដើម្បីផល​ប្រយោជន៍រួម​របស់ប្រជាជនទាំងពីរ​ប្រទេស ​រួមចំណែក​យ៉ាងសកម្ម ដល់​សន្តិភាព, ស្ថិរភាព, កិច្ចសហប្រតិបត្តិការ, និងការអភិវឌ្ឍ​ក្នុងតំបន់ក៏ដូចជាពិភពលោក៕