ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-ជប៉ុន ខួបលើកទី១៥ក្រុងតូក្យូ ប្រទេសជប៉ុននៅខែធ្នូខាងមុខនេះ

0
604

ភ្នំពេញ៖ លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រចាំកម្ពុជា បានឲ្យដឹងថា ​នៅខែធ្នូខាងមុខនេះ គឺជាខួបទី១៥ នៃកិច្ចប្រជុំចំណមិត្តភាពជប៉ុន-អាស៊ាន​ បន្ថែមពីលើ​ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា មានគម្រោងនឹងអញ្ជើញចូលរួមខួបលើកទី១៥ កិច្ចប្រជុំអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការថ្លែងបែបនេះ ក្នុងឱកាសកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះស្ថានទូតជប៉ុននៅកម្ពុជា ក៏បានព្យាយាមឲ្យអស់ពីលទ្ធភាពញ៉ាំងឲ្យដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចជាផ្លែផ្កា ។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូតប្រចាំកម្ពុជា អូអិណុ អាត់ស៊ូស៊ី បានវាយតម្លៃចំពោះទំនាក់ទំនងរវាងទំនាក់ទំនងរវាងខ្សែរាជវង្សកម្ពុជា-ជប៉ុន គឺមានផលជាវិជ្ជមានដ៏ឧត្តុង្គឧត្តម ដែលបានបង្ហាញក៏ដូចជា​រួមចំណែកពង្រឹងទៅលើកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនឲ្យកាន់រឹងមាំ និងរីកចម្រើនបន្ថែមទៀត។

គួររំលឹកផងដែរថា ឯកអគ្គរាជទូតប្រចាំកម្ពុជា បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងខ្សែរាជវង្សកម្ពុជា-ជប៉ុន វិញនោះ កាលពីអំឡុងឆ្នាំ២០១២ ព្រះចៅអធិរាជជប៉ុន ​ណារ៉ូហ៊ីតុ បានយាងជួបសម្តែងការគួរសមជាមួយ​ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី តាមរយៈដំណើរព្រះរាជទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា ក្នុងនោះព្រះចៅអធិរាជជប៉ុនបានយាងទៅកាន់ឧទ្យានជាតិអង្គរវត្ត។ ហើយព្រះអង្គនៅតែចងចាំព្រះរាជទស្សនកិច្ចមួយនេះ និងតែងតែលើកឡើងពីព្រះរាជកិច្ចនេះក្នុងជំនួបនានា រួមទាំងជំនួបកំពូលស្ដីពីទឹកនៅជប៉ុន នាខែមេសាកន្លងមក ដែលកាលនោះក៏មានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ៕