អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា ប្រទេសជិតខាង

0
546

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នំា២០២៣នេះថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំបង្កើនពង្រឹងពង្រីកបន្ថែមទៀតនៃទំនាក់ទំនងកិច្ចប្រតិបត្តិការ ជាមួយបណ្តាប្រទេសជិតខាងនិងបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក នេះគឺជាគោលនយោបាយការបរទេស មួយ ប្រកបដោយភាព ទន់ភ្លន់ ហើយយើងចង់កសាងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាពិសេសជាមួយបណ្តា ប្រទេសជិតខាង គឺធ្វើឲ្យព្រំដែនរបស់យើង(កម្ពុជា)ក្លាយទៅជាព្រំដែនមិត្តភាព និងកិច្ចសហប្រតិបត្តិការ អត់មាន បង្កជំលោះ ជាមួយនឹងប្រទេសណាមួយទេ។

ឯកឧត្តមបន្តថា គោលនយោបាយនេះគឺស្របទៅនឹងរដ្ឋធម្មនុញ្ញមាត្រា៥៣ ដែលចែងថាព្រះរាជាណាចក្រ កម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវនយោបាយអធ្យាក្រឹតអចិន្ត្រៃយ៍ហើយនឹងបញ្ចូលបក្សសម្ព័ន្ធ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅក្នុងពិភពលោក។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្ថែមថា នេះគឺជាគោលបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា ហើយរហូតមក ដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាគឺបាន នឹងកំពុងដើរតាមគោលនយោបាយបន្ទាត់មួយហ្នឹង ស្របជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយការបរទេសមួយដែលប្រុងអនុវត្តជាប្រចាំ គឺគោលនយោបា យ បរទេសឯករាជ្យដោយ ផ្អែកលើច្បាប់អន្តរជាតិ។

 គួរជម្រាបថា តបតាមអញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញទៅបំពេញទស្សនកិច្ចនៅវៀតណាម ដោយដំណើរទស្សកិច្ចនេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងជួបប្រជុំទ្វេភាគីក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម និងនៅមានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកពិភាក្សាផងដែរ៕ ដោយ៖ នាងស្រស់