ឯកឧត្តមហ៊ុន ម៉ានី៖ ការប្រឡងលើកនេះ នៅតែប្រកាន់ខ្ជាប់គោលការណ៍ “អ្នកចេះ គឺជាប់”

0
90

ភ្នំពេញ៖ ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦មករា នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើស​គ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា បានលើកឡើងថា ការប្រឡងចូលបម្រើការងារ​មន្ត្រីរាជការនេះ អនុវត្តតាមការដាក់ចេញគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងថា ការប្រឡងនេះ នៅតែប្រកាន់ខ្ជាប់គោលការណ៍ “អ្នកចេះ គឺជាប់” ហើយអ្នកប្រឡងមិនជាប់ ក៏អស់ចិត្ត (ធ្លាក់ដោយអស់ចិត្ត)។ ការប្រឡងនេះដែរ មានបេក្ខជនចំនួន ១៨៩២នាក់ ដោយក្រសួងសម្រេច​ជ្រើសរើសយកតែ ១០០នាក់ប៉ុណ្ណោះ។ ការប្រឡងនេះ មានវិញ្ញាសារចំនួន ២ គឺវិញ្ញាសារសរសេរ និងវិញ្ញាសារអនុវត្តជាក់ស្តែង។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកំណត់ឲ្យក្រសួងអប់រំ ជ្រើសរើសមន្ត្រីរាជការចំនួន ២០៨៨នាក់ ក្នុងនោះ ១០០នាក់ ជ្រើសរើសគ្រូផ្នែកអប់រំកាយ និងកីឡា ២០០នាក់ គ្រូបង្រៀនសាលាមត្តេយ្យសិក្សា ១៣៤៧នាក់ គ្រូបង្រៀមធ្យមសិក្សា និង៤៤១គ្រូបង្រៀន មូលដ្ឋា​នចំណេះដឹងទូទៅ។ អីញ្ចឹងពេលនេះ យើងជ្រើសរើស ដំណាក់ទី១ គឺជ្រើសរើសគ្រូជំនាញ អប់រំកាយ និងកីឡា»។

ជាគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងណោមគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡាចំនួន ១០០នាក់នេះ នឹងត្រូវចេញទៅបង្រៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងចំណោម ២១រាជធានីខេត្ត។ ការប្រឡងវិញ្ញាសារសរសេរ មានបីវិញ្ញាសារ គឺវប្បធម៌ទូទៅ ជីវៈវិទ្យា និងភាសាអង់គ្លេស។ ចំណែកវិញ្ញាសារអនុវត្តផ្ទាល់ មាន៖ ការរត់ចម្ងាយ លោតចម្ងាយ និងចោលដុំដែក។

ចំណែកឯកឧត្តម​បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការជ្រើសរើសមន្ត្រីរាជការស៊ីវិលនេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកគោលការណ៍ «គុណនាធិបតេយ្យ យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន្ន»។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងថា ការជ្រើសរើសគ្រូបង្រៀនអប់រំកាយ និងកីឡានេះ​ក៏បានកំណត់កម្ពស់ផងដែរ ដោយបេក្ខជននារី មានកម្ពស់ចាប់ពី ១.៥៥ម៉ែត្រ និងបេក្ខជនបុរសមានកម្ពស់ ១.៦៥ម ឡើងទៅ។

គួរបញ្ជាក់ថា ក្រោយ​ប្រឡង​ជាប់​បេក្ខជន​ទាំងអស់ ត្រូវ​ចូលរួម​បណ្ដុះបណ្ដាល​រយៈពេល ២​ឆ្នាំ សម្រាប់​កម្រិត​១២+២ និង​រយៈពេល​៤​ឆ្នាំ សម្រាប់​កម្រិត​១២+៤​។ ក្នុងករណី​បេក្ខជន​បោះបង់​នៅ​អំឡុងពេល​បណ្ដុះបណ្ដាល គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង នឹង​ផ្ដល់ឱកាស​ដល់​បេក្ខជន​ជាប់​បម្រុង​៕