ឯកឧត្តម កើត រិទ្ធ ទទួលជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

0
349

ភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួងយុត្តិធម៌ ។នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូនលោក វិទិត មុនតាប៊ន អំពីការងារអាទិភាពដែលក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំដាក់ចេញ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលការងារនេះ គឺជាវិធានការគន្លឹះជាអាទិភាពមួយក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលត្រូវបានដាក់ចេញដោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយឱ្យសម្រេចជាលទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ។

លោក វិទិត មុនតាប៊ន បានសម្តែងនូវការស្វាគមន៍ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើនាពេលកន្លងមក និងបានសម្តែងនូវការគាំទ្រចំពោះការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលក្រសួងបាននឹងកំពុងរៀបចំដាក់ចេញនេះ ជាពិសេសការបង្កើតនូវអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕