ឯកឧត្តម ឈន សាណាត ៖មន្ត្រីពន្ធនាគារ និងអ្នកជាប់ឃុំដែលសង្ស័យ ត្រូវតែពិនិត្យរកសារធាតុញៀនទាំងអស់

0
355

(ភ្នំពេញ)៖ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំឲ្យពិនិត្យទឹកនោមមន្ដ្រីពន្ធនាគារទូទាំងប្រទេស ដើម្បីស្វែងរកសារធាតុញៀន និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន។

យោងតាមសេចក្ដីណែនាំស្តីពីការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំង ប្រទេស និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន ដែលអង្គភាពសារព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូនដំណឹងជាមុន។

ក្នុងសេចក្តីណែនាំបន្ថែមថា ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេស ក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន៕