ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឲ្យក្រុមហ៊ុនInfluence Media និងសហការីព័ត៌មាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

0
533

ភ្នំពេញ៖ នារសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន អនុញ្ញាតឱ្យលោក អេម៉ូ (Amo) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Influence Media និង អ្នកនាង ដុង ខៃយីង (Dong Kaiying) និពន្ធនាយកសារព័ត៌មាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឳកាសសម្តែងការអនុញ្ញាតនេះ លោក អេម៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅក្នុងឳកាសដែលឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតិឲ្យក្រុមការងារបានជួបសម្តែងការគួរសម ហើយក្រុមហ៊ុន Influence Media នៅចំពោះមុខឯកឧត្តមរដ្ឋមន្ត្រី លោកអេម៉ូ អ្នកគ្រប់គ្រងទូទៅនៃក្រុហ៊ុន និងអ្នកនាង ដុង ខៃយីង បានបញ្ជាក់ថា និងខំប្រឹងធ្វើឲ្យសារព័ត៌មានមួយនេះកាន់តែមានភាពរីកចម្រើន ពិសេសចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានស្នើឲ្យសារព័ត៌មានរបស់ក្រុមហ៊ុន Influence Media ផលិតនូវកម្មវិធីផ្សេងៗដែលបង្ហាញអំពី ការរស់នៅ ទំនៀមទំលាប់ ប្រពៃណីរបស់ប្រជាជនកម្ពុជា ដើម្បីឲ្យជនជាតិចិនដែលគាត់គ្រោងមកប្រទេសកម្ពុជា ឬមកកម្សាន្ត រកស៊ី ក្នុងប្រទេសកម្ពុជា ពួកគាត់អាចស្គាល់ពីរបៀបរបបពីការរស់នៅរបស់កម្ពុជា ហើយប្រពៃណីរបស់ខ្មែរ គឺជួបកន្លែងណាគឺតែងសំពះ ពិសេសខែនេះគឺជារដូវបុណ្យភ្ជុំបិណ្ឌ ហើយជនជាតិចិនក៏គោរពព្រះពុទ្ធសាសនាដែរ ចិងអាចផ្សាភ្ជាប់រវាងវប្បធម៌និងវប្បធម៌ ប្រជាជននិងប្រជាជន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ថែមថា ចំនុចនេះហើយដែលជាតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងការដើរតួនាទី ការផ្តល់នូវព័ត៌មានពិតជូនទៅដល់មិត្តអ្នកអានរបស់ខ្លួន ហើយក៏ជាការផ្តល់ព័ត៌មានកម្សាន្ត ប្រកបដោយការអប់រំដែលមិនប្រាចាកពីប្រពៃណីវប្បធម៌របស់ប្រទេសដែលជាម្ចាស់។

ជាចុងបញ្ចប់ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានជូនពរសារព័ត៌មានInfluence Media ទទួលបានជោគជ័យ មានអ្នកអានច្រើន ហើយមានអ្នកផ្សព្វផ្សាយពាណិជ្ជកម្មច្រើន ជាមួយគ្នានេះ ឯកឧត្តមក៏បានបើកចំហរ អនុញ្ញាតឲ្យប្រើប្រាស់ នូវព័ត៌មានរបស់ក្រសួង តាមរយៈទីភ្នាក់ងារសារព័ត៌មាន AKP បានដោយគ្រាន់តែរក្សាប្រភពម្ចាស់ដើម ព្រោះគោលបំណងរបស់ក្រសួងគឺការផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ពីកម្ពុជាទៅឲ្យសាធារណៈជន ជាដើម៕អត្ថបទនិងរូបភាពដោយ៖ នាង ស្រស់