ភ្នំពេញ៖ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធត្រូវតែផ្លាស់ប្តូររូបភាពអវជ្ជមាន មកជារូបភាពល្អជាវិជ្ជមាន ដើម្បីជួយផ្សព្វផ្សាយឲ្យ កាន់តែទូលាយក្នុងប្រព័ន្ធសារព័ត៌មាន ហើយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ នឹងបានស្វែងយល់ដឹងបន្ថែមទៀត អំពីតំបន់ទេសចរណ៍ ទាំងទេសចរណ៍ធម្មជាតិ វប្បធម៌ បរិស្ថាន និងតំបន់អេអូទេសចរណ៍រួមទាំងការអភិវឌ្ឍន៍លើ គ្រប់វិស័យនៅប្រទេសកម្ពុជារបស់យើង នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ែនបូណា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ការថ្លែងបែបនេះ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកម្មវិធីក្លិបអ្នកកាសែតកម្ពុជា ប្រគល់ពានរង្វាន់ ដល់ជ័យលាភីចំនួន៥រូប ក្នុងការប្រកួតប្រជែងជើងឯកថតរូប លើប្រធានបទ «សម្រស់សហគមន៍យើង» ដែលជាការជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានចាត់ទុកការប្រកួតប្រជែងនេះ មិនគ្រាន់តែជាការបង្ហាញនូវស្នាដៃ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗនោះទេ ប៉ុន្តែ លើសពីការក្រកួតប្រជែងរូបថតនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការជួយផ្សព្វផ្សាយរូបភាពវិជ្ជមាននៅក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តមទទូចឲ្យបងប្អូនអ្នកសាព័ត៌មានគួរតែផ្លាស់ប្តូររូបភាពអវិជ្ជមាន ពោលគឺ«យើងមានរូបភាពល្អៗច្រើនណាស់ ដែលត្រូវផ្សព្វផ្សាយដល់សហគមន៍អន្តរជាតិឆ្លុះបញ្ចាំងឲ្យឃើញថាកម្ពុជាផ្លាស់ប្ដូរមុខមាត់ក្នុងភាពវិជ្ជមានល្អប្រសើរ»។ នេះជាប្រសាសន៍របស់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប៉ែន បូណា។
ជាមួយគ្នានេះលោក ប៉ែន បូណា លើកឡើងថា ការចុះផ្សព្វផ្សាយព័ត៌មានត្រូវមានតុល្យភាព និងផ្ទៀងផ្ទាត់ ដើម្បីចៀសវាងការភាន់ច្រឡំ ហើយនាំឲ្យធ្លាក់ចុះនូវវិជ្ជាជីវសារព័ត៌មាន និងបាត់បង់ទំនុកពីគាំទ្រ ឬទស្សនិកជនទៀតផង៕