ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក

0
585

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

 ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ស៊ី ជីនពីង បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ។ ទន្ទឹមគ្នានេះ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងនូវការពេញចិត្តចំពោះការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពល្អជិតស្និទ្ធរវាងចិន-កម្ពុជា ហើយប្រទេសចិនក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង សាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីខែកញ្ញា កន្លងទៅ ព្រមទាំងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ផងដែរ ។ ជាមួយគ្នានេះ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ ព្រមជាមួយនឹងការអរគុណចំពោះការយកចិត្តទុកដាក់ទទួលស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou ។

ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត “ច្រករបៀងមច្ឆា និងអង្ករ”  និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ។ មួយវិញទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយក្នុងនេះ ឯកឧត្តម ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក ៕