ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំក្នុងក្របខណ្ឌ គឺឈរលើស្មារតី «អ្នកចេះ គឺជាប់»

0
36

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ដើម្បីបំពេញការងារនៅភូមិសាស្ត្រឃុំគោលដៅចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧ នឹងឈរលើស្មារតី «ចេះ គឺជាប់»។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី

ការបញ្ជាក់បែបនេះ នៅលើហ្វេសប៊ុកផ្លូវការរបស់លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោកបានបន្តថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំជាមន្ត្រីរាជការក្របខ័ណ្ឌថ្មីនេះ នឹងផ្តល់លទ្ធភាពដល់បេក្ខជនចូលរួមប្រឡងប្រជែងដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព ដែលមានកំណត់ក្នុងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដើរស្របជាមួយទស្សនវិស័យដ៏មោះមុត និងវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ចំពោះបេក្ខជនដែលមានជំនាញវិជ្ជាជីវៈ ឬឯកទេសកសិកម្មចាប់ពីវិញ្ញាបនបត្រឡើងទៅគឺមានឱកាសដាក់ពាក្យចូលរួមប្រឡងប្រជែងគ្រប់ៗគ្នា តាមរយៈប្រព័ន្ធអនឡាញ ឬតាមរយៈការដាក់ពាក្យដោយផ្ទាល់នៅមន្ទីរមុខងារសាធារណៈតាមបណ្តាខេត្តរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោករដ្ឋមន្រ្តីបន្តថា ចំពោះបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនឹងត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខ័ណ្ឌ ក ខ និងគ ដោយផ្អែកលើកម្រិតបណ្តុះបណ្តាលរបស់សាមីខ្លួន។

សូមរំលឹកថា ចំពោះបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនឹងត្រូវទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី ១,៤០០,០០០រៀល ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦០, ០០០រៀល ក្នុងមួយខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្រ្តីរាជការស៊ីវិល។

គួរបញ្ជាក់ថា  ដើម្បីសម្រួលដល់បេក្ខជនក្នុងការស្វែងរកព័ត៌មានបន្ថែម គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម បានរៀបចំកម្រងព័ត៌មាននានាពាក់ព័ន្ធជាមួយការប្រឡងនៅលើគេហទំព័រ https://lms.era.gov.kh/pix/01_userguide/ ឬបេក្ខជនទាំងអស់អាចទាក់ទងតាមលេខទូរសព្ទ ០៧៨ ២៤៣ ២៣៥ ឬ ០១២ ៨៤៣ ១១៤៕