ឯកឧត្តម អ៊ាង សុផល្លែត៖ គ្រួសារមានការរស់នៅស្អាត នាំមកនូវសុភមង្គលក្នុងគ្រួសារនិងសង្គមជាតិទាំងមូល

0
526

ភ្នំពេញ៖ គ្រួសារមានការរស់នៅស្អាត នាំមកនូវសុភមង្គលក្នុងគ្រួសារនិងសង្គមជាតិទាំងមូល នេះជាការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងរំលឹកអំពីស្មារតីស្អាតរបស់ មនុស្សគ្រប់ៗរូប ដែលត្រូវតែមានការ គិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមាន មកលើសង្គមមនុស្ស និង ជួយដាស់តឿន ដល់សហគមន៍ជាតិ ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីភាពស្អាត ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋយើង ១៧លាននាក់ បានជ្រួតជ្រាប និងចូលរួមយុទ្ធនាការ កាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ជំរុញឲ្យមន្រ្តីបន្តប្រឹងប្រែងផ្សព្វផ្សាយ កសាងសង្គមមួយស្អាតនៅកម្ពុជា ស្អាតផ្តើមពីសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន មួយជំហានម្តងៗ ឆ្ពោះទៅមូលដ្ឋានស្អាត សង្គមយើងស្អាត ដែលភាពស្អាតនឹងចេញពីបេះដូង។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត លើកឡើងថា យើងត្រូវបន្តទៅកូនចៅជំនាន់ក្រោយស្អាត ហើយភាពស្អាតនេះ ជាមោទកភាពរបស់កម្ពុជា នៅក្នុងពិភពលោក សម្រាប់មនុស្សជាតិទូទៅ ជាពិសេសនាំនាវាកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលត្រូវបានការជំរុញឲ្យនាវាបរិស្ថាន ធ្វើដំណើរទៅមុខ ជាមួយយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលបានបង្កើតឡើងក្រោមការ ចង្អុលលបង្ហាញ ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានកង់បង្វិល នៃយុទ្ធសាស្រ្តអាទិភាពសំខាន់ គឺភាពស្អាត បៃតង និងចីរភាព ស្របគោលដៅយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕