១០ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជា នាំចេញទំនិញសម្រេចបានប្រមាណជាង ១៨ពាន់លានដុល្លារ ខណៈមានការនាំចេញទៅកាន់ប្រទេសសំខាន់ៗចំនួន២០

0
722

ភ្នំពេញ៖ យោងតាមរបាយការណ៍ គយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានប្រមាណជាង ១៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសំខាន់ៗចំនួន ២០ ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៣នេះ។

របាយការណ៍ខាងលើបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានចំនួនច្រើនជាងគេ ចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ ២០២៣ ពោលគឺមានទំហំប្រមាណ ៧,៤ពាន់លានដុល្លារ មានការថយចុះ ១,៥ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួន ៧,៦ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលបន្តថា បន្ទាប់ពីអាមេរិក វៀតណាម ឈរលេខរៀងទី២ ទទួលទិញទំនិញពីកម្ពុជា ប្រមាណ ២,២ពាន់លានដុល្លារ កើនឡើង​ជិត ៤០ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ១,៦ពាន់លានដុល្លារ។ ដោយឡែកចិនធ្លាក់មក​លេខរៀងទី៣ ដែលកម្ពុជានាំចេញទំនិញសម្រេចបាន ១,១៧ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៩៩៧លានដុល្លារ។

ចំណែកការនាំចេញទៅប្រទេសជប៉ុនសម្រេចបាន ៩៧៤លានដុល្លារ, នាំចេញទៅប្រទេសអង់គ្លេសមានទំហំជាង​ ៦៥៥លានដុល្លារ និងប្រទេសផ្សេងៗមួយចំនួនទៀត។

ជាមួយគ្នានេះ សម្រាប់ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូម ជាដើម។

យ៉ាងណាមិញ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រម​ព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏​បានជំរុញទំហំនៃការនាំចេញរបស់កម្ពុជាទៅកូរ៉េ​ ​នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួនទឹកប្រាក់ ២២ ៤៨២,៩៣៧​ លាន​ដុល្លារ កើនឡើង ១៦,៤ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ ២៩ ៩៤១,៦០​ លាន​ដុល្លារ កើនឡើង ៤,៣​ ភាគ​​រយ​៕