១៥ក្រុមហ៊ុនរបស់កម្ពុជាបានដាក់លក់ផលិតផលរបស់ខ្លួននៅលើ អាលីបាបា

0
674

ភ្នំពេញ៖ យោងតាមការឲ្យដឹងពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនកម្ពុជាចំនួន ១៥ រួចហើយ ដែលបានដាក់លក់ផលិតផលលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន Alibaba.com។

ថ្លែងប្រាប់សារព័ត៌មាន អ្ន​កនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានមាន​ប្រសាសន៍ថា សព្វថ្ងៃនេះ ផលិតផលកម្ពុជា​របស់ក្រុមហ៊ុន​ចំនួន១៥ ដែល​បានដាក់តាំងលក់លើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលើ អាលីបាបា មានដូចជា អង្ករ ​និងផ្លែមៀនជាដើម ក្នុងនោះផ្លែមៀនកម្ពុជា ដែលបានដាក់លក់សាកល្បង​ដំបូងលើថ្នាល eWTP ក្នុងចំនួនប្រមាណ ១៨តោន។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន អាលីបាបា នឹងបង្កើតក្រុមការងារកម្ពុជាមួយ នៅក្នុង​គម្រោង eWTP ​ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច ​រវាងកម្ពុជា និងបណ្ដាប្រទេស​នៅក្នុងពិភពលោកបន្ថែមទៀតផងដែរ។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ ​តាមរយៈការចុះអនុស្សរណៈខាងលើនេះ ភាគីទាំងពីរ នឹង​សហការគ្នា​បន្ថែមទៀត​ ក្នុងការស្វែងរកលទ្ធភាពបើកដំណើរការ ឡាហ្សាដា ( Lazada) នៅកម្ពុជា។ បន្ថែមពីនេះទៀត​ នឹងអនុវត្តកម្មវិធីកសាង ​និងពង្រឹងសមត្ថភាពសហគ្រិន ឲ្យយល់ដឹងបន្ថែមអំពី​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ​និងលើកកម្ពស់បច្ចេកវិទ្យាឌីជីថល និងវិស័យទេសចរណ៍។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងបេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសចិន​ ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខា​លើ​អនុស្សារណៈនៃការយោគយល់ ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនអនឡាញខ្នាតយក្សមួយគឺ អាលីបាបា ​ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន​ ខណៈបច្ចុប្បន្ន អាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ១ ៣០០លាននាក់ នៅទូទាំងសាកលលោក៕