ភ្នំពេញ៖ ដោយសង្កេតឃើញកន្លងមកនេះ មានម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិងកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវទង្វើដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅព្រមទាំងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ស្ថាប័នព័ត៌មានផងនោះ ក្រសួងព័ត៌មាន បានស្នើសុំធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានណែនាំដល់ម្ចាស់អង្គភាពអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ ចំនួន៥ចំណុចផងដែរ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ការណែនាំទាំង៥ចំណុចនោះគឺទី១ ចំពោះអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតដូចជា កាសែត, ព្រឹត្តិបត្រ, ទស្សនាវដ្ដី, គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញត្រូវទៅសុំអាជ្ញាបណ្ណប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ខែគិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ជាកំហិត។ ក្នុងករណីផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាដែលនៅតែបន្តធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ចំណុចទី២ សមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ករណីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មានណាដែលនៅតែបំពានក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន ក្រសួងព័ត៌មាននឹងដកហូតអាជ្ញាបណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់។
ចំណុចទី៣ សមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ដែលទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មពីក្រសួងព័ត៌មានដូចជា កាសែត, ព្រឹត្តិបត្រ, ទស្សនាវដ្ដី, គេហទំព័រប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ វិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ ដូចជាស្ថានីយទូរទស្សន៍ និងអង្គភាពអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ដទៃទៀត ដែលបានទទួលអាជ្ញាបណ្ណពីក្រសួងរួចហើយ ត្រូវធ្វើរបាយការណ៍អំពីស្ថានភាពអាជីវកម្មរបស់ខ្លួនដែលកំពុងដំណើរការ ឬមិនដំណើរការ និងចំនួនបុគ្គលិកនៅតាមអង្គភាពនីមួយៗឱ្យបានច្បាស់លាស់ រួចផ្ញើទៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ជាកំហិត។
ចំណុចទី៤ ក្រសួងព័ត៌មាន នឹងលុបអាជ្ញាបណ្ណអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ដោយស្វ័យប្រវត្តិ ប្រសិនបើម្ចាស់អាជ្ញាបណ្ណមិនដំណើរការ ឬឈប់ធ្វើអាជីវកម្មតាមលក្ខខណ្ឌដូចជា៖ រយៈពេល១ឆ្នាំ សម្រាប់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍គិតចាប់ពីថ្ងៃទទួលអាជ្ញាបណ្ណពីក្រសួងព័ត៌មាន លើកលែងតែវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ, រយៈពេល៣ឆ្នាំ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ ដូចជាស្ថានីយទូរទស្សន៍ ទូរទស្សន៍ផ្កាយរណប (DTH) ទូរទស្សន៍ប្រភេទ OTT និង IPTV ជាដើម និងរយៈពេល១ខែ គិតចាប់ពីថ្ងៃឈប់ធ្វើអាជីវកម្ម។
ដោយឡែកចំណុចទី៥ ក្រសួងបញ្ជាក់ថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មានត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឱ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័តមានទៀតឡើយ។ ក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី សម្រាប់នីតិវិធីក្នុងការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ក្រសួងនឹងរៀបចំចេញបណ្ណតាមប្រព័ន្ធអនឡាញដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន ដែលអាចស្កេនបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីជៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មានបានច្បាស់លាស់។
ដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាពស្ថាប័នព័ត៌មាននៅកម្ពុជា ក្រសួងព័ត៌មាន នឹងរៀបចំនីតិវិធីបន្ថែមអំពីការបញ្ជាក់បណ្ណសម្គាល់អ្នកសារព័ត៌មាន ឬការអនុញ្ញាតទទួលស្គាល់ជាអ្នកសារព័ត៌មាន នៅក្នុងសេចក្តីជូនដំណឹងដោយឡែកមួយផ្សេងទៀត៕