ក្រសួងទេសចរណ៍លើកទឹកចិត្តសមាជិក US-ABC ចូលរួមជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា

0
41

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តក្រុមហ៊ុនឯកជន ដែលជាសមាជិក US-ASEAN Business Council ចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជា តាម រយៈការចូលរួមក្នុងផ្នែកណាមួយនៃក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា។

ការលើកឡើងនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សារវាងឯកឧត្តម សុខ សូកេន និងលោក Jack Myint នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានប្រចាំ ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាព ជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជនក្នុងការជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍នៅកម្ពុជា និងការធ្វើពិពិធកម្មវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយ ជាគោលដៅទេសចរណ៍ដ៏សម្បូរបែបសកលឈានមុខ។

ឯកឧត្តម សុខ សូកេន បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យ ស្តីពីការកែ សម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការ សម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការ ជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។

លោក Jack Myint នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានលើក ឡើងអំពីការជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅសេដ្ឋកិច្ច-ទេសចរណ៍ ជាពិសេស លើកកម្ពស់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ព្រមទាំងការតភ្ជាប់ជាមួយការអនុវត្ត លើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មទេសចរណ៍នៅកម្ពុជា ស្របតាមបរិបទថ្មី និងនិន្នាការសកលក្នុងវិស័យទេសចរណ៍ដែលកំពុងរីកចម្រើន លើការទូទាត់ចំណាយ នៃសេវាកម្មទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Mastercard, VISA និង META Facebook បង្ហាញ ឆន្ទៈក្នុងការចូលរួមសហការជាមួយក្រសួងទេសចរណ៍ ដើម្បីអនុវត្តន៍ផែនការយុទ្ធសាស្ត្រ “BUILD + 3Ds” ក៏ដូចជាចូលរួមអនុវត្តន៍នូវគោល នយោបាយនានារបស់ រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕