ទីបំផុត អគ្គនាយកដ្ឋានពន្ធដាសម្រេចលើកលែងការយកពន្ធ ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ក្រោយពលរដ្ឋនាំគ្នាប្រតិកម្ម

0
319

ភ្នំពេញ៖ ក្រោយពីពលរដ្ឋនាំគ្នាប្រតិកម្មខ្លាំងពីបញ្ហាយកពន្ធដារ ពេលនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែ ប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) នេះគឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញ កាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និង ជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល ។

ក្នុងសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និង ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបាន រួចរាល់ក្នុង ឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណី ម្ចាស់អចលនទ្រព្យ មិនបានបំពេញ កាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គួរបញ្ជាក់ផងដែរថា ក្រោយពីពលរដ្ឋកម្ពុជាប្រតិកម្មជាមួយការយកពន្ធដារនេះខ្លាំងពេកធ្វើឲ្យសម្តេចតេជោ ហ៊ុន​ សែន បានលើកឡើងតាមរយៈសារសម្លេងថា «បញ្ហាពន្ធដារ សូមក្នុងគ្រុបជួយពិនិត្យមើល បញ្ហាពន្ធដារហេតុអីបានជាផ្ទុះ យើងមិនទាន់បានធ្វើអីទេ ប៉ុន្តែយើងបែរជានិយាយច្រើន ឥឡូវនេះបញ្ហាដូចជាផ្ទុះ ហើយខំបង្កើតឡើងក្នុងការបោះឆ្នោត បែរជាខំតម្លើងតម្លៃពន្ធដារឯណាឯណ្ណោះទៅវិញ ដូចជាប្រញាប់និយាយពេកទេដឹង សូមពិនិត្យឡើងវិញ ព្រោះបញ្ហាខ្លះត្រូវក្តាប់ពេលវេលាឲ្យជាប់ បើមិនក្តាប់ពេលវេលាឲ្យជាប់ទេ ចេះតែវៃលុកដោយមិនចេះមើលព្រៃ ទាំងមូល គិតថាយកមួយដើមៗ ក្រែងលវាខុស ខ្ញុំសូមជួយតម្រង់ទិសបន្តិចក្នុងនាមជារដ្ឋាភិបាល ការលើកឡើងពេលខ្លះវាមិនទាន់ដល់ពេល ពេលវេលាមិនទាន់បានមួយខែផងស្រាប់តែផ្ទុះរឿងហ្នឹងចេញមក ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងធ្លាក់ ហើយក្នុងពេលដែលប្រទេសជិតខាងនោះកំពុងមានវិធានការណ៍ដូចជា កាត់បន្ថយបំណុល មិនយកបំណុល ស្អីៗផ្សេងៗ តែយើងបែរជារិត បើថាមិនទាន់ដល់ពេលទេ យើងកុំអាលនិយាយ សុំពិនិត្យឡើងវិញភ្លាម»៕