ក្រសួងពាណិជ្ជកម្ម៖ ការនាំចេញរបស់កម្ពុជា ទៅទីផ្សារនៃបណ្តាប្រទេសកិច្ចព្រមព្រៀង RCEP កើនឡើងជាង ២២% ក្នុងរយៈពេល ៨ខែឆ្នាំនេះ

0
265

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា​ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារនៃបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានឈាន់ដល់ ៥.២៦១លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល ៨ខែដំបូងឆ្នាំ ២០២៣ បានកើនឡើង ២២,៣៧% ពី ៤.២៩៩លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

របាយការណ៍ខាងលើលើលើកឡើងថា ត្បិតការនាំចេញមានកំណើនក៏ពិតមែន ក៏ប៉ុន្តែតួលេខនៃការនាំចូលវិញបានកត់ត្រាពីការធ្លាក់ចុះដល់ទៅ ១៩,២៥% ពីចំនួនទឹកប្រាក់ ១៧,៧០ពាន់លានដុល្លារអាម៉េរិក នៃរយៈពេល ៨ខែឆ្នាំ ២០២២ មកនៅត្រឹម ១៤,២៩ពាន់លានដុល្លារអាម៉េរិក នៃរយៈពេល ៨ខែឆ្នាំនេះ។

ចំណែក លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកិច្ចព្រមព្រៀង RCEP ដែលមាន ១៥ប្រទេសនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ទោះជាទំហំពាណិជ្ជកម្មជាមួយប្រទេសកិច្ចព្រមព្រៀង RCEP មានការធ្លាក់ចុះ ប៉ុន្តែយើងឃើញតួលេខនាំចេញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារបណ្តាប្រទេសទាំងនេះ មានការកើនឡើង។ ការកើនឡើងនេះបានបង្ហាញថា ប្រទេសកម្ពុជា អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី RCEP បានល្អ ហើយជាផលចំណេញ ដូចអ្វីដែលវិទ្យាស្ថានស្រាវ ជ្រាវសេដ្ឋកិច្ចនានាបានធ្វើការព្យាករណ៍កាលពីមុនដូច្នោះដែរ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបន្តថា ក្នុងក្របខណ្ឌ RCEP យើងនឹងប្រឹងប្រែងប្រើប្រាស់វេទិកាពាណិជ្ជកម្មមួយនេះ ដែលនឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់យើងនាថ្ងៃអនាគត រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត ដែលយើងរំពឹងទុកថា មានសារប្រយោជន៍ច្រើនក្នុងការពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមរបាយកាណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញទៀតថា ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗទាំង ៥របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP រួមមាន៖ ចិន, វៀតណាម, ថៃ, សិង្ហបុរី, និងជប៉ុន។ចំណែកចំពោះមុខទំនិញដែលកម្ពុជា នាំចេញភាគច្រើន រួមមាន៖ ផលិតផលកសិកម្ម គ្រឿងបន្លាស់ គ្រឿង បង្គុំយានយន្ត សម្ភារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។ ដោយឡែកចំពោះមុខទំនិញ ដែលកម្ពុជា នាំចូលភាគច្រើន ដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ យានយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ឳសថ និងបរិក្ខាពេទ្រ និងគ្រឿងសំអាង ជាដើម៕