បច្ចុប្បន្ន​រូបិយប័ណ្ណ​ក្នុងស្រុក​កំពុង​ទទួល​បាន​ប្រជាប្រិយភាព ខណៈសមាគម​ធនាគារ​នៅ​កម្ពុជា​(​A​BC) ​បាន​ប្តេជ្ញា​បង្កើន​ការប្រើប្រាស់​ប្រាក់​រៀល

0
35

ភ្នំពេញ៖ សមាគម​ធនាគារ​នៅ​កម្ពុជា​(​A​BC) ​បាន​ប្តេជ្ញា​បង្កើន​ការប្រើប្រាស់​ប្រាក់​រៀល​តាមរយៈ​ប្រតិបត្តិការ​របស់​សមាជិក​របស់​ខ្លួន​ ​ខណៈ​ដែល​បច្ចុប្បន្ន​រូបិយប័ណ្ណ​ក្នុងស្រុក​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រតិបត្តិការ​ជា​សាច់ប្រាក់​ ​និង​ឌី​ជី​ថល​។​

​យោង​តាម​លោក​ ​រ័ត្ន ​សោ​ភ័ណ្ឌ ​ប្រធាន​ ​A​BC បានបញ្ជាក់ថា ​គិត​មកដល់​បច្ចុប្បន្ន​ ​ប្រាក់​ក​ម្ចី​ប្រាក់​រៀល​ក្នុង​វិ​ស័​យ​ធនាគារ​មាន​ចំនួន​១​១​ ​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​សរុប​ ​ខណៈ​ដែល​បញ្ញើ​ជា​ប្រាក់​រៀល​មានការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​បើ​ធៀប​នឹង​រយៈពេល​១​០​ឆ្នាំ​ចុងក្រោយ​នេះ​។​

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពីម្សិលមិញ​ថា​ “​ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនាគារជាតិនៃកម្ពុជា​ (NBC) ​និង​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថល​ផ្សេងទៀត​បាន​រួមចំណែក​ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ប្រាក់​រៀល​”​។​

​លោកប្រធានខាងលើនេះ ​បន្ត​ថា​ ​សមាជិក​របស់​ ​A​BC ​នឹង​បន្ត​ពង្រឹង​ប្រព័ន្ធ​ទូទាត់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​បន្ថែម​ទៀត​។​

​បើតាមរបាយការណ៍​របស់​ ​A​BC ​បាន​បង្ហាញ​ថា​ ​នៅ​ចុង​ឆ្នាំ​២​០​២​៣​ ​ប្រាក់​ក​ម្ចី​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​បាន​កើន​ឡើង​ដល់​ ​៥​៧​,​៦​ ​ពាន់​លាន​ដុល្លារ​ ​ឬ​ ​១​៨​០​ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​គណនី​សរុប​ចំនួន​ ​៣​,​៨​ ​លាន​គណនី​ ​ខណៈ​ដែល​ប្រាក់​បញ្ញើ​មាន​ចំនួន​ ​៤​៧​,​៩​ ​ពាន់​លាន​ដុល្លារ​ ​តាមរយៈ​គណនី​ចំនួន​ ​១​៨​,​៦​ ​លាន​គណនី​។​

​ជាមួយនឹង​យន្ត​ការ​បដិ​ដុល្លា​រូប​នី​យ​កម្ម​ដោយ​ផ្អែក​ទី​ផ្សារ​ ​ធនាគារជាតិនៃកម្ពុជា​បាន​អនុវត្ត​គោល​នយោបាយ​ផ្សេងៗ​ដើម្បី​លើក​ក​ម្ពស់​ប្រាក់​រៀល​។​

​ធនាគារ​ជាតិ​ក៏បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រាក់​រៀល​បន្ថែម​ទៀត​ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ពួកគេ​ ​ដោយ​កត់​សម្គាល់​ថា​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថល​បាន​ធ្វើ​ឱ្យ​ចរាចរ​រូបិយប័ណ្ណ​ក្នុងស្រុក​មាន​ភាព​ងាយស្រួល​។​

​ទន្ទឹម​នឹង​នោះ​ ​ប្រធាន​ ​A​BC ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រើប្រាស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច​ជាតិ​ ​ដោយ​លោក​បាន​បន្ថែម​ថា​ ​នេះ​អាច​ពង្រឹង​អធិបតេយ្យភាព​ ​និង​កំណើន​សេដ្ឋកិច្ច​ ​អត្តសញ្ញាណ​ជាតិ​ ​និង​សាមគ្គីភាព​។​

​លោក​បាន​បន្ថែម​ថា​ “​ដើម្បី​លើក​ក​ម្ពស់​ការប្រើប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​ការចូលរួម​របស់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការផ្លាស់ប្តូរ​ការប្រើប្រាស់​ប្រាក់ដុល្លារ​ទៅជា​ការប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​គឺជា​ការចាំបាច់​។​

​គួរបញ្ជាក់ថា នៅ​ឆ្នាំ​២​០​២​៣​ ​ចំនួន​គណនី​កាបូប​អេ​ឡិច​ត្រូនិ​ក​បាន​កើន​ឡើង​ដល់​ ​១​៩​,​៧​ ​លាន​ ​ហើយ​ចំនួន​ប្រតិបត្តិការ​សរុប​បាន​កើន​ឡើង​ដល់​ ​៦​០​១​,​៣​ ​លាន​ដង​ ​ដែល​កើន​ឡើង​ ​២​៨​,​៧​ ​ភាគរយ​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​៕