ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ ដែលជាទំហំវិនិយោគសហភាពអឺរ៉ុបនៅកម្ពុជា

0
89

គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន ស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគ រវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ គឺស្ថិតក្នុងរង្វង់ទឹកប្រាក់ ប្រមាណ ៥៤០លានដុល្លារ ដែលបានពី ៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់។នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការគូសបញ្ជាក់នេះ នៅក្នុងជំនួបជាមួយលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃ គូអន្តរជាតិ (DG INTPA) របស់សហភាពអ៊ឺរ៉ុប និងលោក Igor Driesmans ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាបើកចំហរ ស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការ លើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។ បន្ថែមពីនេះ កម្ពុជា បានទទួលវិនិយោគិនរួច រាល់ពីប្រទេសនានារួមមាន សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗ ជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅ កម្ពុជាបន្ថែមទៀតផងដែរ។

អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់វិស័យឯកជនរួមមាន វិស័យហេដ្ឋា រចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងកំពង់ផែ រដ្ឋាភិបាល បានដាក់ចេញនូវផែនការអភិវឌ្ឍន៍មានចំនួន ជាពិសេសផែនការមេគ្រប់ ជ្រុងជ្រោយស្ដីពី “ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន ១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុបអាចពិនិត្យលទ្ធភាពក្នុងការ វិនិយោគបានផងដែរ។

ចំណែក លោក Peteris Ustubs បានលើកឡើងថា នឹងមានទស្សនកិច្ច ទាក់ទាញវិនិយោគិន ដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអ៊ឺរ៉ុប ដែលមាន ២៧ប្រទេស ដោយលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្ហាញជូនវិនិយោគិន។ លោក បានបន្ថែមថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុប យកចិត្តទុកដាក់ផ្ដោតសំខាន់ លើគម្រោង អភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា។

គួរបញ្ជាក់ដែរថា កម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើនកម្រិតសមត្ថភាពផងដែរ។ កម្មវិធីនេះ គឺស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជាការប្រើប្រាស់ជំនាញកម្រិតមធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធាន មនុស្ស៕