ខណៈកៀកចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើ នៅក្រោមម្លប់ឈើ តាមបរិវេណប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ

0
69

សៀមរាប៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្កើននិងមមាញឹកក្នុងការរៀបចំកៅអីឈើវែងៗ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ នៅតាមបរិវេណប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ខណៈឈានចូលរដូវក្តៅ និងកៀកចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។

បើតាមលោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំកៅអីឈើនេះ បានឱ្យដឹងនៅរសៀល ថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៤នេះថា ដោយសារកំណើនភ្ញៀវទេសចរ ចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែម ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ នៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយហត់បាន ។

ប្រធានក្រុមការងាររៀបចំកៅអីឈើនេះ បានឱ្យដឹងទៀតថា ភ្ញៀវទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទ នៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់ ។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម ហើយក៏ជួយកាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទ ដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម ។

ជាមួយគ្នានេះ លោកសង្ឃឹមថា នៅពេលចូលឆ្នាំខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសជាច្រើន មានកន្លែងអង្គុយសម្រាក សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ នៅក្នុងរមណីយដ្ឋានអង្គរ ៕