មន្ទីទេសចរណ៍ខេត្តបាត់ដំបងរំពឹងថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤ រយៈពេល៥ថ្ងៃ នឹងទទួលកំណើនភ្ញៀវទេសចរកើនឡើង

0
64

បាតដំបង៖នៅក្នុងពិធីបុណ្យចូលឆ្នាំនាពាក់កណ្តាលខែមេសាឆ្នាំ ២០២៤ខាងមុខនេះ មន្ទីទេសចរណ៍ខេត្តបាត់ដំបង មានសេចក្តីរំពឹងថា នឹងមានកំណើនភ្ញៀវទេសចរចូលទៅកម្សាន្តតាមទីរមណីយដ្ឋាននានាកាន់តែច្រើន បន្ទាប់ពីអាជ្ញាធរបានរៀបចំ កែលម្អកន្លែងកម្សាន្តរបស់ខេត្ត ប្រមាណ ៣៤កន្លែង រួមជាមួយនឹងការត្រៀមប្រារព្ធពិធីជាច្រើនទៀត ។

យោងតាមលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ​​​ខែមីនា ឆ្នាំ២០២៤ថា នៅក្នុងផែនការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ថ្ងៃនេះ គឺមន្ទីរទេចរណ៍ រួមជាមួយរដ្ឋបាលខេត្ត មានគោលបំណងបង្កើតការសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងបានផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណីដ៏ល្អ តាមរយៈការរៀបចំសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ។ ពិសេសគឺការបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានស្គាល់អំពីទំនៀមទម្លាប់ ក៏ដូចជា សក្តានុពលរបស់អ្នករស់នៅខេត្តបាត់ដំបង តាមរយៈការដាក់តាំងនូវផលិតផល តាមបណ្ដាស្រុក ក្រុងទាំង១៤ ផងដែរ ។

តាមមន្ត្រីរដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ថ្ងៃ នៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ គឺរដ្ឋបាលខេត្តបានកំណត់ទីតាំងដែលត្រូវរៀបចំរួមមាន៖ តាមបណ្ដោយវិថីសម្ដេចក្រឡា ហោម ស ខេង, ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់, និងខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្តចាស់) ក្នុងក្រុងបាត់ដំបងតែម្ដង ដោយមានការដាក់តាំងម្ហូបអ្នកបាត់ដំបង, ចាប៉ីដងវែងយក្ស, ផ្លែទុរេនយក្ស, និង ណែមយក្សជាដើម៘ លុះនៅពេលរាត្រី ក៏មានការរៀបចំការប្រគំតន្ត្រីខ្នាតយក្ស ព្រមទាំងមានការប្រកួតប្រដាល់គុនខ្មែរផងដែរ ។

នៅក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ គឺរដ្ឋបាលខេត្តបាត់ដំបង បានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ហើយរដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងទីជិត ទីឆ្ងាយ អញ្ជើញចូលរួមកម្សាន្តឱ្យបានច្រើនកុះករប្រកបដោយភាពសប្បាយរីករាយទាំងអស់គ្នា។

សូមជម្រាប់ជូនថា រដ្ឋបាលខេត្តបាត់ដំបង ក៏បានគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឱ្យបានអធិក អធមជាទីបំផុត ដោយត្រៀមរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា សរុបមានចំនួន៥ថ្ងៃ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស ដែលមកពីខាងក្រៅផងដែរ ។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបង្ហាញថា កំលុងពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុកកន្លងទៅ ខេត្តទទួលភ្ញៀវទេសចរបានចំនួនប្រមាណជាង ១០ម៉ឺននាក់ កើន១,៩២ភាគរយ ។ បុណ្យឆ្លងឆ្នាំសកល ខេត្តទទួលបានភ្ញៀវទេសចរបានជាង៣៥ម៉ឺននាក់ កើន៦៧,៦០ភាគរយ។ បុណ្យចូលឆ្នាំចិន ខេត្តទទួលបានភ្ញៀវទេសចរជាង ៩ម៉ឺននាក់កើន១៥,៨៨ភាគរយ៕