កម្ពុជា​-​ចិន​ ​ពិភាក្សា​ការងារ​អំពី​ការ​ពង្រឹង​ភាពជា​ដៃគូ​អា​ស៊ាន​-​ចិន ខណៈ​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ​

0
69

​ភ្នំពេញ៖ ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​ពិភាក្សា​ការងារ​អំពី​ការ​ពង្រឹង​ភាពជា​ដៃគូ​អា​ស៊ាន​-​ចិន​ ​ជាមួយ​លោកស្រី​ ហូ​វ​ ​យាន​ឈិ (​H​ou ​Y​an​q​i​) ​ឯកអគ្គរដ្ឋទូត​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​អា​ស៊ាន​។​

បើយោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម​នៅ​ក្រសួង​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ភាគី​ទាំងពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សន្ទុះ​ដ៏​ល្អ​នៃ​ទំនាក់ទំនង​អា​ស៊ាន​-​ចិន​។​ ​ភាគី​ទាំងពីរ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​ស្តីពី​ការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​អា​ស៊ាន​-​ចិន​ ​ប្រកបដោយ​អត្ថន័យ​ ​ខ្លឹមសារ​ ​និង​ផលប្រយោជន៍​ទៅវិញទៅមក​នៅ​ឆ្នាំ​២​០​២​១​។​

​ប្រភពខាងលើបាន​បញ្ជាក់​ថា​ “​ភាគី​ទាំងពីរ​បាន​ស្វាគមន៍​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​ ​អា​ស៊ាន​-​ចិន​ ​ហើយ​ទន្ទឹង​រង់ចាំ​ការ​អនុវត្ត​ប្រកបដោយជោគជ័យ​នូវ​សកម្មភាព​ ​និង​គម្រោង​នានា​ ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​ ​និង​ទូលំទូលាយ​ ​និង​ជំរុញ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​”​។​

​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ “​មាគ៌ា​អា​ស៊ាន​” – ​ការ​ពិគ្រោះ​យោបល់​ ​និង​ការ​សម្រេច​ចិត្ត​ផ្អែកលើ​ការ​ឯកភាព​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អា​ស៊ាន​ ​ដោយ​សង្កត់ធ្ងន់​លើ​លក្ខណៈ​ពិសេស​នៃ​សមាគម​អា​ស៊ាន​ ​និង​ការ​រក្សា​នូវ​មជ្ឈ​ភាព​ ​និង​ឯកភាព​របស់​ខ្លួន​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​។​ ​លោក​បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​ចិន​សម្រាប់​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អា​ស៊ាន​។​

​ចំណែកលោកស្រី​ ហូ​វ​ ​យាន​ឈិ ​បាន​កោតសរសើរ​ចំពោះ​តួនាទី​យ៉ាងសកម្ម​របស់​កម្ពុជា​ក្នុង​ការ​កសាង​សហគមន៍​អា​ស៊ាន​ ​និង​បាន​ទទួលស្គាល់​ពី​សារៈសំខាន់​របស់​អា​ស៊ាន​ក្នុង​ការ​រក្សា​សន្តិភាព​ ​សន្តិសុខ​ ​ស្ថិរភាព​ ​និង​ការ​លើក​ក​ម្ពស់​កំណើន​នៅ​ក្នុង​តំបន់​។​ ​លោកស្រី​បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​គាំទ្រ​ ​និង​ការគោរព​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រទេស​ចិន​ចំពោះ​មជ្ឈ​ភាព​ ​និង​ឯកភាព​អា​ស៊ាន​។​

​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កម្ពុជា​-​ចិន​ ​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​យ៉ាងសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​ ​និង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​ ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​។​ ​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​ក្របខ័ណ្ឌ​ “​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​” ​រវាង​កម្ពុជា​ ​និង​ចិន​ ​ជាពិសេស​ក្នុង​វិ​ស័យកសិកម្ម​ ​ថាមពល​ ​និង​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​ ​និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​គាំទ្រ​របស់​ប្រទេស​ចិន​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​។​

​ជាការឆ្លើយតប លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ប្រទេស​ចិន​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​គុណភាព​ជាមួយ​ប្រទេស​កម្ពុជា​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​។​

​សូមជម្រាប​ជូនថា ភាគី​ទាំង​ពី​​​រ​ក៏បាន​ផ្លាស់ប្តូរ​ទ​ស្សនៈ​លើ​បញ្ហា​តំបន់​ ​និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍​ ​និង​ជា​កង្វល់​រួម​ ​រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ផង​ដែរ​៕