កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ថ្មី១០៦ ខណៈគម្រោងមានទុនសរុប ២២០០ លានដុល្លារក្នុង ៣ខែដើមឆ្នាំនេះ

0
60

ភ្នំពេញ៖ គិតត្រឹមរយៈពេល ៣ ខែដើមឆ្នាំ ២០២៤នេះ កម្ពុជា ទទួលបានគម្រោងអភិវឌ្ឍថ្មីៗ ជាពិសេសពាក់ពាន់ទៅ នឹងការពង្រីកផលិតកម្មនៅក្នុងស្រុកចំនួន ១០៦ គម្រោង គិតជាទុនសរុបប្រមាណ ២២០០ លានដុល្លារ ហើយតាមរយៈគម្រោងវិនិយោគទាំងនេះ នឹងចូលរួមបង្កើតការងារជាង ១០ ម៉ឺនកន្លែងដល់ប្រជាពលរដ្ឋ។ នេះបើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា។

នាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា ការវិនិយោគនេះ គឺធ្វើឡើងនូវគ្រប់វិស័យទាំងអស់ ទាំងឧស្សាហកម្ម ទេសចរណ៍ និងវិស័យកសិកម្ម។ សម្ដេចនាយករដ្ឋមន្រ្ដីលើកឡើងថា ក្នុងឆ្នាំ ២០២៣ ជាលទ្ធផល​នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ ដឹកនាំដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ កម្ពុជាទទួលបាន​គម្រោង​អភិវឌ្ឍន៍​សរុបចំនួន ២៦៨ គម្រោង ដែលបានអនុម័តកាលពីឆ្នាំ ២០២៣ ក្នុងនោះមានគម្រោងចំនួន ២៤៧ គម្រោងជាគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២៦ គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៤៦០០ លានដុល្លារ ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល រាជរដ្ឋាភិបាលនឹងប្រឹងប្រែង​ធ្វើឱ្យ​សេដ្ឋកិច្ចល្អកម្ពុជាប្រសើរឡើងវិញ ​ដូចមុនពេលកូវីដ-១៩រាតត្បាត។ ​សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានរវល់សោយសុខនឹងជ័យជម្នះរបស់ខ្លួននោះឡើយ ប៉ុន្ដែ​បានប្រឹងប្រែងជាប់ជានិច្ចដើម្បីកសាង អភិវឌ្ឍន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ៕