អំឡុងពេលបើកលុយ៖ កម្មករ និងសហជីពនៃរោងចក្រអ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំយ៉ាងល្អិតល្អន់ និងរៀបរយដែលធ្វើឱ្យការបើកប្រាក់ដំណើរការដោយរលូន

0
53

ក្នុងអំឡុងពេលបើប្រាក់ឈ្នួលនៅសាលាស្រុកអង្គស្នួលខេត្តកណ្តល កម្មករ កម្មការិនី និងសហជីពប្រចាំរោងចក្រអ.ជី ហ៊្វូតវែរ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ទុះការកោតសរសើរពីទឹកចិត្ត និងការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដែលបានរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ និងការសម្រួលឯកសារផ្សេងៗរបស់កម្មករ។ ប្រការនេះ បានធ្វើឱ្យក្រុមកម្មករទាំងអស់សប្បាយចិត្ត និងមានភាពកក់ក្តៅអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ។ សូមរំលឹកថា កម្មករនៃរោងចក្រអ.ជីហ៊្វូតវែរ នៅថ្ងៃទី២៩នេះ បាននិងកំពុងបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗដែលក្រុមហ៊ុនបានគិតគូផ្តល់ឱ្យក្រោមការសម្របសម្រួលពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា តូច តេងហី កម្មកររោងចក្រអ.ជី ដែលមានពិការភាព បានសរសើរពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទាំងកិច្ចការងាររដ្ឋបាល និងការងារសម្រួលជាទូទៅដល់ខ្លួនដែលត្រូវការយកចិត្តទុកដាក់ច្រើន។

បន្ថែមពីនេះ កញ្ញា តង់ បញ្ញា កម្មកររោងចក្រ អ.ជី សប្បាយចិត្តខ្លាំងដែលមន្ត្រីក្រសួងការងារ បានសួរនាំ និងប្រឹក្សាពីឯកសារសម្រាប់បើកប្រាក់ឈ្នួលដែលធ្វើឱ្យកញ្ញាពេញចិត្តចំពោះទង្វើ និងកាយវិការដ៏សមរម្យនេះ។

ដោយឡែកអនុប្រធានសហជីពខ្មែរCUFប្រចាំរោងចក្រ អ.ជី អ្នកនាង និល ខេន ក៏បានមើលឃើញពីកាយវិការនៃការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះដែរដោយលាន់មាត់ពីភាពសាមញ្ញរបស់មន្ត្រី និងការយកចិត្តទុដាក់ដល់កម្មករគ្រប់គ្នាដែលធ្វើឱ្យកម្មករទាំងអស់គ្នាសប្បាយរីករាយ ហើយមានភាពស្និទ្ធស្នាលបន្ថែមទៀតលើដំណោះស្រាយថវិកាដែលទទួលបានលឿនហើយនោះ។

ជាមួយគ្នានេះ កម្មករទាំងអស់ និងសហជីព ក៏បានលើកឡើងព្រមគ្នាដោយបង្ហាញពីសមាណចិត្ត ពេញចិត្ត គាំទ្រ និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូពីសុខទុក្ខរបស់កម្មករដោយមិនទុកឱ្យកម្មកររងារដោយគ្មានដំណោះស្រាយឡើយ៕