នាចុងខែនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម៧ថ្ងៃ ខណៈមានការចូលរួមពីប្រទេសថៃ និងវៀតណាម

0
123

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្ដីពី ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ជំរុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ជំរុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្មកិច្ចប្រជុំប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនេះមានរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី ២៥ខែមីនាឆ្នាំ ២០២៤ តទៅ មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨។ ក្នុងនោះក៏មានកម្មវិធីរត់ប្រណាំង ដើម្បីមិត្តភាព និងផ្សព្វផ្សាយលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ «តំបន់ឆ្នេរគ្មានសំណល់ផ្លាស្ទីក»និង «បរិស្ថានអនាម័យបរិស្ថានឆ្នេរល្អ ទេសចររីករាយ»។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបន្ថែមថា “ឆ្នាំនេះ យើងរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅទីលានតេជោ ក្រុងព្រះសីហនុ ទាមទារឱ្យមានការចូលរួមពីផ្នែកឯកជនទាក់ទងនឹងវិស័យទេសចរណ៍ដែលមានការចូលរួមពីដៃគូនានា ក្នុងការជំរុញវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ និងបង្ហាញពីសក្តានុពល និងការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ការផ្តល់អត្ថប្រយោជន៍ពិសេសជំរុញវិនិយោគិន និងធុរជននៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់មន្ទីរ អង្គភាព និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជួយគាំទ្រការរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤ ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា ពិសេសសម្រាប់ជំរុញទេសចរមកកាន់ខេត្តព្រះសីហនុ ព្រោះពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានការចូលរួមពីខេត្តជាប់ឆ្នេរ មានដូចជាប្រទេសវៀតណាម  ប្រទេសថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤ ក្នុងនោះជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ជំរុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជំរុញបន្តក្របខ័ណ្ឌ CVTEC)៕