អ្នកជំនាញ៖ សហជីព និងសង្គមសុីវិលគួរតែកុំយកសាំង ចាក់លើភ្លើងចំពោះករណីរោងចក្រ Y&W

0
45

ភ្នំពេញ៖ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ករណីរោងចក្រ Y&W សហជីព និងសង្គមសុីវិលគួរតែកុំយកសាំង ចាក់លើភ្លើង ហើយគួរតែមានវប្បធម៌ស្តាប់គ្នាទៅវិញទៅមក ដាក់បញ្ហាលើតុពិភាក្សាគ្នា យល់អំពីដំណោះស្រាយ ជៀសជាងម្ខាងខិតខំរកដំណោះស្រាយ ដោយឡែកម្ខាងទៀតកំពុងបញ្ចុះបញ្ចូលកម្មករឱ្យមានការតវ៉ា។

ការលើកឡើងបែបនេះបន្ទាប់ពីមានសហជីពមួយចំនួនបានចូលមកណែនាំឱ្យកម្មករមួយចំនួនតូចនៃរោងចក្រ Y&W លើកប៉ាដា និងបន្តស្រែកនៅមុខរោងចក្រទាមទារឱ្យម្ចាស់រោងចក្រដោះស្រាយជូនកម្មករ បើទោះបីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បឱណាច់ផ្សេងៗជូនកម្មករនិយោជិតលើករណីនេះនៅវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ក៏ដោយ។

លោកបណ្ឌិតរូបនេះបានគូសបញ្ជាក់ថា៖«ករណីរោងចក្រនេះ តាមខ្ញុំដឹងក្រសួង មានសមត្ថកិច្ចបានចេញដំណោះស្រាយលើករណីនេះរួចហើយ ខ្ញុំគិតថាសហជីព និងភាគពាក់ព័ន្ធគួរតែយោងសេណារីយ៉ូនៃដំណោះស្រាយទាំងឡាយនេះ ជជែកគ្នា ពិភាក្សាគ្នា ជៀសជាងបង្កបរិយាកាសមិនសុខដុម ដែលការនេះអាចឈានដល់ករណីយកសាំងចាក់ លើភ្លើងដែលកំពុងតែឆេះដូច្នេះដែរ»។

លោកបន្ថែមថា ការធ្វើបែបនេះគឺមិនទទួលបានអត្ថប្រយោជន៍អ្វីនោះទេ តែផ្ទុយមកវិញគឺមានតែការខាតបង់ទាំងអស់គ្នា ហើយបញ្ហានឹងបន្តក្តៅរោលរាលនៅក្នុងសង្គមលើករណីផ្សេងៗទៀត។ ដូច្នេះហើយភាគីពាក់ព័ន្ធត្រូវតែមានភាពអត់ធ្មត់ យោគយល់គ្នាទៅវិញទៅមក យល់គ្នាអំពីដំណោះស្រាយ ដែលអាចឈានដល់ការដោះស្រាយមួយប្រកបដោយសន្តិវិធីនៅចុងបញ្ចប់។

លោកបានគូសបញ្ជាក់ទៀតថា ភាគីពាក់ព័ន្ធគួរតែចូលរួមជាមួយយន្តការរបស់រាជរដ្ឋាភិបាលលើការដោះស្រាយករណីរោងចក្រ Y&W នេះ ជៀសជាងធ្វើឱ្យមានការបន្តតវ៉ានៅមុខរោងចក្រធ្វើឱ្យប៉ះពាល់ទៅដល់សន្តប់ធ្នាប់សាធារណ និងបង្កអសន្តិសុខផ្សេងៗទៀត បើទោះបីមានកម្មករភាគច្រើននោះជឿជាក់លើដំណោះស្រាយរបស់ក្រសួង៕