កិច្ចការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ ត្រូវបានយកចិត្តទុកដាក់ និងចាត់ជាអាទិភាព

0
44

ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តាមរយ:ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងការសហការល្អជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីបូមទឹកនិងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះ នូវបញ្ហាខ្វះទឹកខ្លាំងដោយទទួលបានលទ្ធផលដូចខាងក្រោម៖


– ចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤៖ បានចុះជួយអន្តរាគមន៍ បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារអន្តរាគមន៍ បូមទឹកនេះ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែកតាតាំដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុង ភូមិចំនួន៥ គឺ ភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%។


– ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៖ ការងារស្ដារប្រឡាយស្ពានលេខ២ ប្រវែង ៣០០០ម៉ែត្រ ដើម្បីទាញយកទឹកពីអាងទឹកស្នេហ៍សម្រាប់ជួយសង្រ្គោះស្រូវប្រាំងចំនួន ៤៤៧ ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ដោយសម្រេចបាននូវលទ្ធផល ១០០%។