រដ្ឋមន្ត្រីក្រសួងការបរទេសអបអរសាទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤»

0
50

ភ្នំពេញ៖ យោងតាមសារលិខិតរប​ស់ក្រសួងការបរទេស ដែលអង្គភាពសារព័ត៌មាន innews ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា ឆ្នាំ២០១៦ បានឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិក មេគង្គ-ឡានឆាង ទាំងប្រាំមួយ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នានៃសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ និងពីភពលោក។

សារលិខិតរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបន្តថា រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូ នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះដ៏មានប្រសិទ្ធភាព ផ្តល់នូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។ យន្តការនេះ ក៏បានជំរុញកំណើនថ្មីសម្រាប់រយៈពេលវែង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់តំបន់ ជាពិសេសតាមរយៈការអនុវត្តប្រកបដោយជោគជ័យនៃផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០១៨-២០២២) ដែលបានផ្តល់លទ្ធផលជាផ្លែផ្កាសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង។

លិខិតឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូនពរយ៉ាងកក់ក្តៅចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងឳកាសខួបអនបុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់២៤ ខែមីនា ឆ្នាំ២០២៤។ សូមមើលសារលិខិតខាងក្រោមដើម្បីលំខិតបន្ថែម៖