ឯកឧត្តម អ៊ាង សុផល្លែត៖ បើយើងមិនទប់ស្កាត់ការបង្ហូរទឹកកង្វក់ទេ ទោះបីប្រើពេលរាប់ទស្សវត្សរ៍ទៀត ក៏សំអាតមិនឈ្នះដែរ

0
127

ភ្នំពេញ៖ បើសិនជាយើងមិនទប់ស្កាត់ការបង្ហូរទឹកកង្វ​ក់ទេ វានូវតែហូរចូល យើងសំអាតយ៉ាងណាក៏មិនឈ្នះដែរ ទោះប្រើពេលរាប់ជាតិ សត្សវត្សរ៍ទៀតក៏មិនឈ្នះដែរ ផ្ទុយទៅវិញ បើយើងទប់ស្កាត់ប្រេងទាំង១៥ដែលហូរចូល នាំសំរាម ប្លាស្ទិក ចូលទន្លេសាបបានហើយ យើងសំអាតទទួលបានជោគជ័យ ជាដំណាក់កាលៗ ខណៈក្រសួង បរិស្ថានមានសុទិដ្ឋិនិយមថានឹងទទួលបានជោគជ័យក្នុងការងារសំអាតទន្លេនេះ ត្រឹមរយៈពេល៥ឆ្នាំ។​នេះជាការអះអាង របស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មានស្តីពី «ពិធីសម្ពោធជាផ្លូវការ បេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ ២០២៣ ដល់​ ២០២៨» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បន្តថា “បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និង គាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព និងរួមចំណែកដល់ យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបន្ថែមថា «យើងត្រូវទប់ស្កាត់សំរាម ទប់ស្កាត់ការបង្ហូរសំរាមទៅក្នុងដែនទឹក បើយើងមិនធ្វើការទប់ស្កាត់ទេ យើងមិនទទួលបានការជោគជ័យនោះទេ​ ដូច្នេះជាយុទ្ធនាការកាលពីថ្ងៃទី១ ខែមីនា​ គឺក្រសួងបរិស្ថានដាក់ចេញ២ចំណុច មានដូចជា ចំណុចទី១៖ ការទប់ស្កាត់ការបង្ហូរទឹកកង្វក់ពីរោងចក្រ ចូលទៅក្នុងទន្លេ បឹង របស់កម្ពុជា ការទប់ស្កាត់នេះគឺក្រសួងបានបំពាក់នូវឧបករណ៍ តាមដានស្វ័យប្រវត្តិ នៅគ្រប់រោងចក្រទាំងអស់ដែលបង្ហូរទឹកកង្វក់ចូលទៅក្នុងទន្លេ និងទី២ យុទ្ធនាការទប់ស្កាត់ការបង្ហូរ (យុទ្ធនាការសំអាតទន្លេសាប) យុទ្ធនាការនេះ មិនមែនយើងទៅសំអាតទន្លេនោះទេ គឺយើងទប់ស្កាត់ការបង្ហូរចូល សំរាម ប្លាស្ទិក ចូលទន្លេសាបជាបឋម កាលណាយើងទប់ស្កាត់បានហើយ នោះទន្លេ នឹងស្អាត តែបើយើងមិន ទប់ស្កាត់ទេ វានូវតែហូរចូលទោះយើងខំសំអាតយ៉ាងណាក៏មិនស្អាតដែរ»

មិនត្រឹមតែប៉ុណ្ណោះ លោក Dato Sean H’ng Chun Hsiang Executive Deputy Chairman នៃក្រុមហ៊ុន Leader Energy បានបន្ថែមថា “ភាពជាដៃគូរបស់យើងជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា អោយមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។

ចំណែកលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៏”

លោកបានបន្ថែមថា ទន្លេគឺជាសសៃឈាមនៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ី និងជាប្រភពផ្គត់ផ្គង់ចំណីអាហារ ដល់មនុស្សសត្វ។ ជាមួយគ្នានេះស្ថានភាពទន្លេកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុលដោយកាកសំណល់ប្លាសិ្ទក និងសំណល់ផ្សេងៗទៀតដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាពនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង។

ការប្តេជ្ញាចិត្តក្នុងការសំអាតទន្លេឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងនាមជាក្រុមហ៊ុន និងជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ទៅលើការថែទាំបរិស្ថានផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និង អង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) បានចាប់សម្ពោធបេសកកម្មសំអាតទន្លេនៅកម្ពុជារយៈពេលប្រាំឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ 2023 តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារ ប្រព័ន្ធអេកូឡូស៊ី ទន្លេជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។

ជាមួយគ្នានេះ ​ក្រុមហ៊ុន Leader Energy ជាក្រុមហ៊ុនដែលដំណើរការជាក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងអាជីវកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូជាមួយអង្កការសំអាតទន្លេ សមុទ្រ ដែលជាអង្គការមិនរកប្រាក់ចំណេញ និងចូលរួមជួយសង្គមជាតិ ដើម្បីផ្តួចផ្តើមបេសកកម្មនេះនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ 2023៕