ឯកឧត្តម ហេង សួរ៖ ការជ្រើសរើសបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនរបស់វិទ្យាស្ថានប៉េ អេស អឺ(PSE)ជាជម្រើសដ៏ត្រឹមត្រូវ និងឆ្លាតវៃ

0
115

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លីហើយទទួលបានឱកាសការងារសមរម្យដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ការថ្លែងកោតសរសើរដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺនៃអង្គការដើម្បីភាពញញឹមនៃកុមារនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ។

ថ្លែងទៅកាន់អង្គពិធីនៅវិទ្យាស្ថានប៉េ អេស អឺ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃចំពោះជម្រើសនៃការបណ្តុះបណ្តាលជំនាញថា ជាចក្ខុវិស័យដ៏ត្រឹមត្រូវ និងវ័យឆ្លាតដែលវិទ្យាស្ថានបានដាក់ចេញយ៉ាងសាកសមបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព សិក្សាបានតិចតួច ឬបោះបង់ចោលការសិក្សា ឱ្យមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័សដើម្បីជួយខ្លួនឯង ជួយក្រុមគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បេសកកម្មរបស់វិទ្យាស្ថានប៉េ អេស អឺ មានទស្សនៈវិស័យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដោយបានកំណត់ទិសដៅជាអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរក្នុងរយៈពេលខ្លី តាមរយៈជំនាញ ហើយកម្មវិធីថ្នាក់ជាតិនេះ កំពុងតែត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការក្នុងគោលបំណងប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។

មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងកោតសរសើរដល់យុវជនដែលកំពុងសិក្សា និងជាអតីតសិស្ស និស្សិតនៅវិទ្យាស្ថានប៉េ អេស អឺ ទាំងអស់ដែលបានជ្រើសរើសជំនាញបច្ចេកទេសវិជ្ជាជីវៈជាស្ពានចម្លងសម្រាប់អនាគត។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាជម្រើសមួយផ្សេងទៀតដែលមានរយៈពេលខ្លី មានជំនាញលឿនដែលអាចបំពេញតម្រូវការសម្រាប់គ្រួសារនីមួយៗឆាប់រហ័ស ហើយជំនាញនេះទៀតសោត ក៏មានភាពបត់បែនដែលអាចឱ្យអ្នកសិក្សាអាចបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀតបានផងដែរ៕