ឯកឧត្តមនេត្រ ភក្ត្រា ប្រាប់ទៅមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងព័ត៌មាន ត្រូវត្រៀមលក្ខណៈ​ ដើម្បីផ្សព្វផ្សាយឱ្យបានល្អ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី ពិភពលោកមួយ​ដែល​​គ្មានមីន

0
112

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់គ្រប់ផ្នែក គ្រប់ជំនាញពាក់ព័ន្ធរបស់​ក្រសួង​ព័ត៌មាន ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានល្អ និងគ្រប់ទិដ្ឋភាព ខណៈ​កម្ពុជារៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខ នៅខេត្ដសៀមរាប។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដី​បែប​នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃ “កិច្ច​ប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា” ដែល​គ្រោង​ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​តំណាង​មកពីបណ្តាប្រទេសជិត២០០ នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ កិច្ចប្រជុំត្រៀមនេះ បាន​ធ្វើ​ឡើង​ដើម្បី​រៀបចំផែនការ និងសកម្មភាព​ការងារឱ្យបានរួចរាល់មុនកិច្ចប្រជុំកំពូល ​ដោយ​មាន​ការ​ចូល​រួមពីថ្នាក់ដឹកនាំ និងមន្រ្ដីគ្រប់ផ្នែក​ពាក់ព័ន្ធ​របស់ក្រសួងព័ត៌មាន ។

តាមការលើកឡើងរបស់ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធាន​គណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយបានគូសបញ្ជាក់ថា នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ នៃ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីន» នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូតាវ៉ា ដែល​មានសមាជិកចំនួន ១៦៤ ប្រទេស មកជួបប្រជុំគ្នា ដើម្បីធ្វើ​យ៉ាង​ណា​សហប្រតិ​បត្តិ​ការ​បន្ត​បោស​សម្អាតគ្រាប់មីនឱ្យអស់ ដែលជាការកាត់បន្ថយប្រជាជនគ្រោះថ្នាក់ដោយសារមីន ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល​សៀមរាប-អង្គរ ស្ដីពីពិភពលោកមួយ​ដែល​​គ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺមានសារៈសំខាន់ណាស់ហើយ​ក្រសួង​ព័ត៌មានទទួលលើកិច្ចការងារ​ផ្សព្វផ្សាយឱ្យបានទូលំទូលាយ មិនត្រឹមតែ​ក្នុងប្រទេសនោះ​ទេ គឺផ្សាយទៅកាន់ពិភពលោកតែម្តង ដើម្បីឱ្យបានដឹងពីព្រឹត្តិការណ៍ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់​ផ្ទះ។ឯកឧត្តមរដ្ឋមន្រ្ដីបានជំរុញឱ្យផ្នែកពាក់ព័ន្ធ រៀបចំចុះឈ្មោះ អ្នកសារព័ត៌មាន ទាំងជាតិ និងអន្តរ​ជាតិ កិច្ចសម្របសម្រួលនានា ដើម្បីបង្កភាពងាយស្រួលក្នុងការថត និងយកព័ត៌មាន សម្រាប់ផ្សព្វ​ផ្សាយ​ទៅកាន់​ពិភពលោក ។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំ អនុសញ្ញាអូតាវ៉ា ក្នុងទឹកដី​ខេត្ត​សៀមរាបខាងមុខនេះ គឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ហើយ​ប្រជា​ជនកម្ពុជា នឹងទទួលបាននូវអត្ថ​ប្រយោជន៍យ៉ាងច្រើនពីដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូ​នានា​ជុំវិញពិភពលោក ជាពិសេស​អ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍ តែម្តង ។

បើតាមឯកឧត្តម ហ៊ុយ សារ៉ាវុធ បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភព​លោក​គ្មានមីន នៃ​អនុសញ្ញាអូតាវ៉ា គឺដោយ សារតែកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ប្រទេស​កម្ពុជា ត្រូវបានជាប់ឆ្នោតធ្វើជាប្រធាន​នៃអនុសញ្ញាអូតាវ៉ា។ សម្រាប់អនុសញ្ញាអូតាវ៉ា គឺជាការហាម​ឃាត់​ការប្រើប្រាស់មីន​ប្រឆាំងមនុស្ស​លោក ហើយមានគោលដៅបញ្ចប់នូវការឈឺចាប់របស់ប្រជាជន​នៅលើពិភពលោក​ដោយសារសំណល់​ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្ដមរដ្ឋលេខាធិការបន្ដថា អនុសញ្ញា​អូតាវ៉ា គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជាសមាជិករហូតដល់ ១៦៤ប្រទេស  នៅសល់តែ ៣៣ ប្រទេសទៀតប៉ុណ្ណោះដែលមិនទាន់បានចូលរួម ។

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបន្ថែមថា ចំពោះកម្ពុជា ដែលទទួលរៀបចំធ្វើជា​ម្ចាស់​​ផ្ទះ​​នៃ​កិច្ចប្រជុំនេះ គឺជាការផ្តល់សារវិជ្ជមានពីកម្ពុជា និងមាន​សារៈ​សំខាន់បំផុតទៅកាន់ពិភព​លោកថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និងសុវត្ថិភាព​ពេញលេញក្រោមនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃ​ព្រះរាជា​ណាចក្រកម្ពុជា​ក្នុងខណៈពេល​ប្រទេស​​មួយ​ចំនួន​កំពុងជួបនូវវិបត្តិសង្រ្គាម និងទាមទារឱ្យ​មាន​ការចូលរួមថែរក្សាសន្តិភាព និងការងារ​បោស​សម្អាត​មីន។

សូមជម្រាបជូនថា តាមរយៈកិច្ចប្រជុំដ៏សំខាន់ជាអន្តរជាតិនេះ រាជរដ្ឋាភិបាល បានបង្កើតគណៈ​កម្មាធិ​ការការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម​ពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ហើយគណៈកម្មាធិការនេះមានភារកិច្ចដឹកនាំ គ្រប់គ្រង សម្រប​សម្រួល និងបែងចែកភារកិច្ចការងារទៅតាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនៅក្នុង​ដំណើរ​ការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំឱ្យបានរលូន និងសម្រេចជោគជ័យ ។

ក្នុងគណៈកម្មាធិការនេះដែរ ក៏មានបង្កើតជាអនុគណៈកម្មការ សារព័ត៌មាន និងផ្សព្វផ្សាយ ដែលមាន ឯកឧត្តម ចៅ ឡាយ ជាប្រធាន ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន និងមានសមាជិក ៦រូប លេខាធិការ ១រូប ។ អនុគណៈកម្មការទី៣នេះ មានភារកិច្ចនិងការទទួលខុស​ត្រូវ  រៀបចំផែនការសកម្មភាព និងសំណើសុំថវិកាសម្រាប់អនុវត្តន៍ការងារផ្សេងៗ។ ចងក្រង និង​ផលិតរូបភាព វីដេអូ និងឯកសារពាក់ព័ន្ធនឹងដំណើរការមុន និងអំឡុងពេលនៃកិច្ចប្រជុំ និងធានា​រៀបចំ​ឱ្យមានការផ្សព្វ​ផ្សាយតាមគេហទំព័រ បណ្តាញសង្គម សារព័ត៌មាន និងទូរទស្សន៍។  គ្រប់គ្រង​រាល់​ការងារ​ពាក់ព័ន្ធនឹងសារព័ត៌មាន ផ្សព្វផ្សាយ និងគេហទំព័រ ហើយសម្របសម្រួល និងរៀបចំធ្វើ​សន្និសីទ​សារព័ត៌មាន និងបទសម្ភាសន៍ដោយផ្ទាល់។ រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលសារព័ត៌មាន​សម្រាប់​សារព័ត៌មានជាតិ អន្តរជាតិ និងការផ្សព្វផ្សាយ លទ្ធផលនៃកិច្ចប្រជុំ និងគ្រប់គ្រងការចុះឈ្មោះ​តាមប្រព័ន្ធអេឡិចត្រូនិក និងដោយផ្ទាល់ និងចេញបណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ។  រៀបចំផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍សំខាន់ៗសម្រាប់ភ្ញៀវអន្តរជាតិ និងរៀបចំឱ្យមានព្រឹត្តិ​ការណ៍​ផ្សេងៗ៕