​ក្នុង​រយៈ​ពេល ​២ ​ខែ​ដើម​ឆ្នាំនេះ ភ្ញៀវ​បរទេស​ជិត ១ ​លាន​នាក់​ ចូលមក​កម្ពុជា​ ខណៈកើនជិត២០ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ​​

0
49

​ភ្នំពេញៈ ក្នុង​រយៈពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ ភ្ញៀវ​បរទេស​ជិត ១ ​លាន​នាក់ ​បាន​ចូលមក​កម្ពុជា​នៅ កើន​ជិត ២០​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣ ខណៈ​ភ្ញៀវ​ពី​ប្រទេស​ថៃ វៀតណាម​ចិន និង​ឡាវ មាន​ចំណែក​ជាង ៦០ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើ​យោងតាម​ក្រ​សួង​ទេសចរណ៍​។​

​ការកើនឡើងទ្វេដងនេះ យោងតាម​ទិន្នន័យ​ក្រសួង​ទេសចរ​ណ៍ ចន្លោះ​ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​ ២០២៤ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៩៨៨ ៥៧៤​ នាក់ កើនឡើង ១៨​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន ៨៣៧ ៤៤៦ ​នាក់​។ ក្នុងចំណោម​ភ្ញៀវ​ខាងលើ​គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ មាន​ច្រើនជាងគេ គឺ ២៤៧ ៥៣០​ នាក់ ស្មើ ២៥ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​, វៀតណាម ១៨៥ ៣៨៥​ នាក់ ស្មើ ១៨,៨ ​ភាគរយ​, ចិន ១០៩ ៩៩០​ នាក់ ស្មើនឹង ​១១,១​ ភាគរយ និង​ឡាវ ៥៤ ៥៤៦ ​នាក់ ស្មើ ៥,៥​ ភាគរយ​។​

​ពាក់ព័ន្ធករណីនេះ បើតាមការបញ្ជាក់របស់លោក ខៀវ ធី ប្រធាន​សមាគម​ម​គ្គុ​ទ្ទេស​ក៍​ទេសចរ​អង្គរ នៅ​ថ្ងៃទី ​២៤ ខែ​មីនា បាន​ប្រាប់​ថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​តាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប នា​ដើមឆ្នាំ​ ២០២៤ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ហើយ​ពួកគេ​ទាំងនោះ​គឺមាន​ចម្រុះ​ជាតិ​សាសន៍ ដោយ​មិន​ដូច​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ដែល​ភាគច្រើន​ជា​ភ្ញៀវ​មកពី​ប្រទេស​ជាប់​ព្រំដែន​។

លោក​បន្តថា កំណើន​ភ្ញៀវទេសចរ​បរទេស​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​អ្នកពាក់ព័ន្ធ ខណៈ​អំឡុង​ឆ្នាំ​ ២០២០-២០២២ វិស័យនេះ​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​។​

​លោក​អះអាង​ទៀតថា ការ​កម្រើក​ឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច​សកល​, ការខិតខំ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មីៗ ព្រមទាំង​ការ​​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយនឹង​ប្រទេស​នានា កំពុង​ជួយ​ឱ្យ​កម្ពុជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​ច្រើន​។​

​ប្រធាន​សមាគម​ម​គ្គុ​ទ្ទេស​ក៍​ទេសចរ​អង្គរ រូបនេះថា ​៖ «​តាមរយៈ​កិច្ច​ខិតខំ និង​អ្វីដែល​កម្ពុជា​កំពុងមាន​នៅពេលនេះ ខ្ញុំ​មានជំនឿថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា​នឹងមាន​កាន់តែច្រើន​»​។​

​លោក​លើកឡើង​ទៀតថា ទន្ទឹមនឹងនេះ​កម្ពុជា​ត្រូវតែ​ខិតខំ​បង្កើត​បរិ​យា​កាស​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ដូចជា បរិស្ថាន​អនាម័យ សន្តិសុខ រមណីយ​ដ្ឋា​ន​ថ្មីៗ សេវាកម្ម​ស្នាក់នៅ អាហារ …​ដើម្បី​ធ្វើឱ្យ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​មាន​រយៈពេល​កាន់តែ​យូរ​។​​បើតាម​លោក ខៀវ ធី ក្រៅពី​ភ្ញៀវ​មកពី​ប្រទេសជិតខាង បច្ចុប្បន្ន​កម្ពុជា​ក៏​ទទួលបាន​ភ្ញៀវ​មកពី​ប្រទេស​ឆ្ងាយៗ ដូចជា អាមេរិក ឥណ្ឌា កូរ៉េ ប៉ូឡូញ ហុង​គ្រី និង​ប៊ុលហ្គារី ជាដើម​។​

​ចំណែកប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​ណ៍​ភាសា​ចិន​កម្ពុជា លោក អន​ហេង សុ​ភ័​ក្រ បាន​និយាយថា បន្ទាប់ពី​ឥទ្ធិ​ពល​ពី​ការគំរាមកំហែង​នៃ​ជំងឺ​កូ​វីដ​ ១៩ បិទ​បញ្ចប់ទៅ ចំនួន​ភ្ញៀវទេសចរ​បរ​ទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​។ លោក​បន្តថា ភ្ញៀវទេសចរ​បរទេស ពិតជា​ចូលរួមចំណែក​ច្រើន​ក្នុង​ការបង្កើត​មុខរបរ និង​ប្រាក់ចំណូល​ទៅដល់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​។​

​លោក​ប្រាប់ទៀតថា ទោះយ៉ាងណា​សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដែល​ធ្លាប់មាន​ចំនួន​ច្រើនជាង​ជនជាតិ​ផ្សេងទៀត​ក្នុង​ការធ្វើ​ទេសចរណ៍​មក​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​ ២០១៩ គឺ​ពេលនេះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។​​ លោក​ថ្លែងថា​៖ «​ក្នុងនាម​ប្រតិបត្តិ​ករ​ទេសចរណ៍​យើង​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​បន្ថែមទៀត​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ​ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​បរទេស​ ២៣៥ ៨៥០​ នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ៥០,២៧​ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២៣​។ ចំណែក​ទឹក​​ប្រាក់​ដែល​ទទួលបាន​ចំនួន ១១,២៣​ លាន​ដុល្លារ ​កើន ៥២,០៩ ​ភាគរយ​។​

​សូមរម្លឹកថា ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ៥,៤៥​ លាន​នាក់ កើន ១៣៩,៥​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស​មាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ ភាគរយ​ពី​ចំនួន ១,៤១​ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕