ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រជាពលរដ្ឋកម្ពុជាតែងតែធ្វើជារៀងរាល់ឆ្នាំ

0
57

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ៣ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរ មានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ១ ឬ២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។

នៅពេលចូលដល់ថ្ងៃទី១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (sankranti)។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។ គ្រឿងរណ្ដាប់មានដូចជា៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និងនំចំណី, ផ្លែឈើជាច្រើន។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន។

នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។ នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណីផងដែរ នៅតាមវត្ដអារាម និងតាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា។ ថ្ងៃទី៣ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬថ្ងៃឆ្លង។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ៕