រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ តួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថាជាកត្តាលីករដើម្បីជំរុញ​ការសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា

0
38

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើងពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថាជាកត្តាលីករដើម្បីជំរុញ​ការសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលរូមមានពិព័រណ៍វិទ្យាសាស្រ្ត និងពិព័រណ៍គ្រឿងឧបករណ៍ បានផ្តល់ជាវេទិកាមួយសម្រាប់ការរីកចម្រើននៃ
វិស័យឧស្សា​ហកម្ម និង​សហគ្រាស​ធុនតូចនិងមធ្យមរបស់កម្ពុជា ដែលបង្កើតឱកាសការងារ និងជំរុញ​កំណើន​សេដ្ឋកិច្ច។ យើងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគាត់ចាប់យកបច្ចេកវិទ្យាមកបង្កើនផលិតកម្ម គុណភាព និងផលិតភាពរបស់ខ្លួន”។

កម្មវិធីនេះក៏មានការចូលរួមពីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ របស់ប្រទេស​ថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត ដែលបង្ហាញពីការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹង​កំពុងបង្កើតឯកសារ​គោល​នយោបាយ​សំខាន់ៗ ដូចជាផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥, របាយការណ៍ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងព្រះរាជាណាចក្រកម្ពុជា, របាយការណ៍ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាវិស័យអបរំ សុខាភិ​​បាល កសិកម្ម ទេសចរណ៍​ ថាមពល និងឌីជីថល។

ក្រសួងក៏បាន និងកំពុងរៀបចំក្របខណ្ឌគតិយុត្ត ដើម្បីពង្រឹកការអភិវឌ្ឍបច្ចេកវិទ្យា ដែលមានដូចជា​ការ​រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្តីព្រាងអនុក្រឹត្យមួយចំនួនដែល​ផ្តោតលើទិដ្ឋភាព​សំខាន់ៗនៃការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម៕