រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការគ្រប់គ្រងព័ត៌មានមានសារៈសំខាន់នៅគ្រប់យុគ្គសម័យទាំងអស់ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល

0
94

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថាការគ្រប់គ្រងព័ត៌មានមានសារៈសំខាន់នៅគ្រប់យុគ្គសម័យទាំងអស់ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។

សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គសពស ផងដែរ អំពីការពង្រឹងកិច្ចសហការប្រតិបត្តិការក្នុងចំណោមអ្នកនាំពាក្យដើម្បីប្រសិទ្ធភាពការងារ ដោយត្រូវរួមកម្លាំងគ្នាជាធុងមួយក្នុងការបំពេញភារកិច្ច ឆ្លើយតប បន្សាបព័ត៌មានអវិជ្ជមាន និងបង្ហាញជូនវិញនូវព័ត៌មានពិត ត្រឹមត្រូវ ដើម្បីការពាររាជរដ្ឋាភិបាល ក្រសួង ស្ថាប័នរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

តាមរយៈសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គសពស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងថ្នាក់ជាតិ និងក្រោមជាតិ ទទួលបានចំណេះដឹងថ្មីៗបន្ថែមដូចជា ការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI យល់ដឹងអំពីហានិភ័យ និងវិធីសាស្ត្រផ្សេងៗដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាដ៏មានគ្រោះថ្នាក់ ក្នុងការបង្កើតជាព័ត៌មានក្លែងក្លាយ ។ ជាងនេះទៅទៀត ក្រុមការងារនឹងបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រការពារសុវត្ថិភាពគណនី នៅក្នុងបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ជៀសពីការលួចចូលមកកាន់កាប់ពីសំណាក់ក្រុមជនទុច្ចរិត ជាពិសេស បានដឹងកាន់ច្បាស់នូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការងារឆ្លើយតប បន្សាប និងបំភ្លឺនូវការពិតជូនសាធារណជនបានលឿនរហ័ស និងមានប្រសិទ្ធភាព ក្រោមកិច្ចសហការ ចង្អុលបង្ហាញ និងការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារព័ត៌មាន។

គួរបញ្ជាក់ថាការថ្លែងរបស់ឯកឧត្តមបែប​នេះ ក្នុងសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» ត្រូវបានបើកធ្វើនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានកការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ៣៥០នាក់៕