រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកមកពីរោងចក្រជិត១០០ នៃខណ្ឌពោធិ៍សែនជ័យ

0
82

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំអាហារសាមគ្គីជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកប្រមាណជិត១០០០នាក់ដែលមកពី៨៧រោងចក្រនៃខណ្ឌពោធិ៍សែនជ័យ។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ដោយមានអភិបាលខណ្ឌ និងចៅសង្កាត់ទាំងប្រាំពីរផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ប្រតិភូបុគ្គលិក និងរដ្ឋបាលរោងចក្រទាំងអស់ឱ្យដឹងពីកិច្ចការគាំពាររបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលត្រៀមខ្លួនរួចជាស្រេចរង់ចាំជួយដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានារបស់រោងចក្រ និងបងប្អូនកម្មករនិយោជិតដើម្បីធានាបាននូវបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងការប្រកបអាជីវកម្មនៅកម្ពុជាកាន់តែប្រសើនិងដោយរលូនបន្ថែមទៀត។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករនិយោជិត ប្រតិភូបុគ្គលិក ក៏ដូចជារោងចក្រទាំងមូលដែលសុទ្ធតែជាផ្នែកសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសនៃវិស័យការងារនៅកម្ពុជាទាំងមូល។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ជូនទៅកាន់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រ និងបង្កើតបរិយាកាសដ៏ល្អដល់កម្មករនិយោជិតឱ្យមានជីវភាពរស់នៅកាន់តែប្រើសើរ និងផលិតភាពការងារខ្ពស់ដើម្បីអាចឱ្យគ្រប់ភាគីទាំងរោងចក្រ និងបុគ្គលិកកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងភាគីរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ធ្វើការឱ្យជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតព្រោះអាជ្ញាធរមូលដ្ឋានដែលជាកូនចៅ និងអ្នកបម្រើប្រជាពលរដ្ឋ គឺរង់ចាំជានិច្ចដើម្បីផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ជូនរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់។

ក្រោយការឡើងថ្លែងនិងបង្ហាញសមាសភាពអាជ្ញាធរមូលដ្ឋានដល់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលខណ្ឌ បានធ្វើការសំណេះសំណាលផ្ទាល់ជាមួយបុគ្គលិករដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកតាមរោងចក្រនីមួយៗដើម្បីស្តាប់ពីតម្រូវការ និងបង្កើត ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត៕