ក្រសួងវប្បធម៌៖ សេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹងអំពីតម្លៃនិងភាពសម្បូរបែបនៃវប្បធម៌សិល្បៈជាតិ

0
61

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា តាមរយៈសារាចរណែនាំដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្ត បង្កើននិងពង្រឹងសកម្មភាពបន្ថែមមួយចំនួនសំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹងអំពីតម្លៃនិងភាពសម្បូរបែបនៃវប្បធម៌សិល្បៈជាតិ ដល់គ្រប់ស្រទាប់មហាជន តាមសកម្មភាពផ្សព្វផ្សាយ បណ្តុះបណ្តាលសិក្ខាសាលា ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដោយផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជន។

លោកជំទាវបន្តថា វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលក្នុងស្ថានភាពនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ថែមទៀតថា ជោគជ័យនៃការអនុវត្តគោលនយោបាយវប្បធម៌ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់វិស័យឯកជន និង អង្គការសមាគមសិល្បៈជាតិអន្តរជាតិបាននោះទេ។ មកទល់បច្ចុប្បន្ន កិច្ចសហការរវាងរដ្ឋនិងឯកជនកាន់តែមាន លក្ខណៈបើកទូលាយ ជាមួយនឹងភាពជិតស្និទ្ធនិងប្រសិទ្ធភាព ហើយដែលជោគជ័យនៃព្រឹត្តិការណ៍ធំៗរបស់ជាតិនា ពេលថ្មីៗនេះ ជាភស្តុតាងបង្ហាញឱ្យឃើញពីការចូលរួមរបស់សិល្បករសិល្បការិនីគ្រប់ទម្រង់ គ្រប់មជ្ឈដ្ឋាន ដោយរួមបញ្ចូលទាំងសមាគមសិល្បករផងដែរ។

ទន្ទឹមនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែករៀបចំ និងចូលរួមទិវាវប្បធម៌ជាតិ និងបានថ្លែងអំណរគុណចំពោះ ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ និងសិល្បករសិល្បការិនីទាំងក្នុងនិងក្រៅ ប្រព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្ទេរចំណេះដឹង និងលើកតម្កើងគ្រប់បុព្វហេតុនៃវប្បធម៌និងសិល្បៈជាតិ ដោយសេចក្តីស្រឡាញ់ថែរក្សា និងសូមជូនពរបន្តទទួលបានជោគជ័យក្នុងអាជីព និងភារកិច្ចនៃជំនាញរៀងៗខ្លួន ដែលជោគជ័យទាំងនេះ នឹងបន្តក្លាយជាវឌ្ឍនភាពរួមរបស់វិស័យវប្បធម៌និងសិល្បៈរបស់ជាតិទាំងមូល៕