ក្រសួងព័ត៌មានស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយជំរុញដាស់តឿន  នូវសារអប់រំរបស់អាជ្ញាធរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

0
58

ភ្នំពេញ៖ យោងតាមលិខិតជូនដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់ក្រសួងព័ត៌មានដែលអង្គភាព សារព័ត៌មាន innews ទទួលបាននាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រសួងសូមស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយជំរុញឪ្យពិធីករ ពិធីការិនីធ្វើការអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និងផ្សព្វផ្សាយឲ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងសារអប់រំអំពី គោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាពដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងបំផុសស្មារតីប្រជាពលរដ្ឋយើងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិក្នុងការធានានូវសុវត្ថិភាព និងចៀសផុតពីការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ខាត់បង់ពេលវេលា និងខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

ក្នុងសេចក្តីជូនដំណឹងបន្តថា ក្រសួងសូមជម្រាបជូនដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពឌណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ កម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប បានឈប់សម្រាកពីការងារ ដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងបានធ្វើដំណើរទៅតាមបណ្តារាជធានី ខេត្ត ជួបជុំគ្រួសារ ញាតិមិត្ត​ បងប្អូន និងទៅកាន់ទីវត្តអារាម  ដើម្បីធ្វើបុណ្យឧទិ្ទសកុសល លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីជាតិ ក៏ដូចជាធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សហការចាត់ចែងអនុវត្តសេចក្តីជូនដំណឹងនេះឲ្យ មានប្រសិទ្ធភាពខ្ពស់៕