ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់

0
43

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តនីតិវិធីទាំងនេះ ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និងនៅពេលមានករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ផ្តើមចេញពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងនិន្នាការសកលបានធ្វើឱ្យធ្លាក់ចុះនៃការបញ្ជាទិញ និងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសមួយចំនួន ដែលនាំឱ្យឈានដល់ការបិទដំណើរការរោងចក្រ សហគ្រាស ទាំងស្រុង និងមានករណីខ្លះនិយោជករត់ចោលមិនទទួលខុសត្រូវលើការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផេ្សងៗ តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ យ៉ាងណាមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែរកដំណោះស្រាយភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀស និងបង្ការផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីបង្ការ និងកាត់បន្ថយនៃហានិភ័យនៃករណីខាងលើ អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំឱ្យមានវិធានការចាំបាច់នានាក្នុងការតាមដាន និងធ្វើការកត់សម្គាល់អំពីស្ថានភាពរោងចក្រ សហគ្រាស ដែលប្រឈមនឹងហានិភ័យនៃការបិទទ្វារលែងដំណើរការតាមរយៈការបង់ភាគទាន ប.ស.ស. យឺតយ៉ាវ ការមិនប្រកាសពន្ធរបស់រោងចក្រ សហគ្រាស ការមិនបើក ឬបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតយឺតជាដើម។ ទាំងអស់នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងគិតគូជាមុនប្រកបដោយបុរេសកម្មតាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មុននឹងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានស្នើសុំឱ្យអង្គសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្វែងយល់បន្ថែមលើការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន ដើម្បីយកទៅអនុវត្តការពារប្រយោជន៍ជូនដល់កម្មករនិយោជិត ដោយស្មារតីទទួលខុសត្រូវ៕