ធនាគារជាតិនឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃ ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា

0
101

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា ដែលអង្គភាពសារព័ត៌មាន innews ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ដើម្បីចូលរួមចំនែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០​ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោល នយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ក្នុងសេចក្តីប្រកាសខាងលើបន្តថា ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រិះស្ថានធនាគារនិងហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើតាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី២០ដល់២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នារីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏ជម្រាបជូនសាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

គួរបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី ខេត្ត ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:០០នាទី រៀលរាល់ម៉ោងធ្វើការ ទោះជាមិននៅក្នុងអំឡុងពេល យុទ្ធនាការប្តូរ ប្រាក់រៀលក៏ដោយ៕