NEA សហការជាមួយ RUPP នឹងរៀបចំវេទិកាការងារនៅថ្ងៃទី១៤ ខែមីនា នេះ ដោយនាំយកឱកាសការងារជាង២ ពាន់កន្លែងសម្រាប់យុវជន

0
90

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំវេទិកាការងារ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នេះ នៅអគារស្ទេម បន្ទប់លេខ ៧០៤ ជាន់ទី៧, ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៧ ជាមួយនឹងឱកាសការងារចំនួន ២០៧២ កន្លែងសម្រាប់ផ្តល់ជូនសិស្ស/នសិ្សត និងអ្នកស្វែងរកការងារ។

កញ្ញា ឃឿ មុនីរតនា ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍សណ្ឋាគារ HOTEL KVL លើកឡើងថា នេះគឺជាលើកទី១ហើយដែលខាងសណ្ឋាគារនឹងចូលរួមក្នុងវេទិកាការងារតាមសាកលវិទ្យាល័យដូចនេះ។ វេទិកាការងារតាមសកលវិទ្យាល័យមិនត្រឹមតែផ្តល់ឱកាសការងារដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងមានឱកាសផ្សព្វផ្សាយពីក្រុមហ៊ុនដល់សាធារណៈជនផងដែរ។ កញ្ញា បន្ថែមថា៖ «តាមរយៈការសហការនេះ ខាងក្រុមហ៊ុនរំពឹងថា នឹងទទួលបានបុគ្គលិកតាមតម្រូវការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។»

ដូចគ្នានេះដែរ លោក រ៉េត សាគា  ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយរបស់ ធនាគារឯកទេស អ៊ីអន ( ខេមបូឌា) ភីអិលស៊ី លើកឡើងថា ធនាគារពិតជាមានអារម្មណ៏សប្បាយរីករាយ ដែលបានបន្តសហកាយ៉ាងជិតស្និទ្ធជាមួយ NEA ក្នុងកម្មវិធីវេទិកាការងារផ្សេងៗ និងនៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗផងដែរ។ លោក សាគា បន្ថែមថា៖ «ខ្ញុំមើលឃើញថាវេទិកាការងារតាមបណ្តាគ្រឹះស្ថានអប់រំនានាគឺជារបត់ថ្មីមួយក្នុងការនាំយកឱកាសការងារដល់កន្លែងសម្រាប់សិស្សនិស្សិត។»

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២៧។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕