អភិបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១​ ជាសណ្ដោះអាសន្ន មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0
75

ភ្នំពេញ៖  ដើម្បីអបអរឆ្នាំថ្មី ពោលគឺបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហា វិថីសម្តេច តេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជាសណ្ដោះអាសន្ន មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ការដាក់ឲ្យដំណើរការនេះ យោងតាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើលិខិតលេខ ០១៣/២៤ លស.គ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូម ជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់។

បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែល តភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេច ស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ ប្រជា ពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈាន ចូលមកដល់ក្នុង ពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរណ៍ បានមួយកម្រិតត្រង់ចំណុច ប្រសព្វមហាវិថីទាំងបី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។

អាស្រ័យដូចបានជម្រាបជូននេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕