នាយករដ្ឋមន្ត្រី៖ «មានកូនឥឡូវស្រួលជាង មានកូននៅឆ្នាំ២០៥០»

0
62

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រួសារណាដែលមានលទ្ធភាព និងធនធានគ្រប់គ្រាន់ គួរបន្ដយកកូនបន្ថែមទៀត ដើម្បីទប់ស្កាត់កង្វះកម្លាំងពលកម្មមនុស្សពេញវ័យនៅក្នុងប្រទេស នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមរបាយការណ៍ និងការព្យាករណ៍តាមរយៈក្រសួងផែនការបានឱ្យដឹងថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះអាចនឹងធ្វើឱ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាតធនធានកម្លាំងពលកម្ម មនុស្សពេញវ័យ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីចៀសវាងបញ្ហាកង្វះពលកម្ម» ។ការថ្លែងរបស់សម្តេចធិបតីបែបនេះ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «មានកូនឥឡូវស្រួលជាងមានកូននៅឆ្នាំ២០៥០ ដល់២០៥០ ការចិញ្ចឹមកូនតម្លៃនៃការចិញ្ចឹមកូន និងការធានាចិញ្ចឹមកូន គឺខុសពីឥឡូវ  ទាំងផ្នត់គំនិតរបស់ប្រជាជនផង»។

សូមជម្រាបថា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «នៅក្នុងឆ្នាំ២០៥០ ហើយចាប់ផ្តើមជា  បណ្តើរៗយើងឃើញថា មានការថយចុះ អីចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ ផ្អែកទៅលើទិន្ន័យនៃការជំរឿននេះ គិតថា យើងមិនទាន់មានជាបញ្ហាចោទ នៅឆ្នាំ២០៥០ ប៉ុន្តែយើងឃើញសញ្ញានៃការថយចុះ គម្លាតរវាង អ្នកដែលមានអាយុចាស់ លើសកម្លាំង កណ្តាលនៃអ្នកដែលពេញកម្លាំងនេះ គឺចាប់ផ្តើមកើន ហើយប្រសិនបើអាត្រានៃកំណើតកាន់តែថយទៀត យើងអាចមា នបញ្ហាប្រឈម»។សម្តេចធិបតីក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋ គួរយកកូនបន្ថែមនាអំឡុងពេលនេះ រហូតមុនឆ្នាំ២០៥០ ខណៈនៅឆ្នាំ២០៥០ អាចជាឆ្នាំដែលមានការចំណាយខ្ពស់ ពិបាកក្នុងការផ្គត់ផ្គង់ ឬយកកូនច្រើន៕