ប្រធានរដ្ឋសភាកម្ពុជាចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១

0
119

រដ្ឋសភានៃសាធារណរដ្ឋបារាំងបានរៀបចំសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប រួមមាន សាធារណរដ្ឋបារាំង អាហ្រ្វិកខាងត្បូង អាល់បានី អាល្លឺម៉ង់ អង់ហ្គូឡា បាហាម៉ា បង់ក្លាដេស កម្ពុជា ស្លូវេនី ប៊ែលហ្សីក អេស្បាញ ឥណ្ឌូនេស៊ី គីរីបាទី លីទុយអានី ម៉ាដាហ្គាស្កា ម៉ាឡាវី មិកសិច ម៉ូណាកូ ម៉ូហ្សំបិក សភាកេបិក សាធារណរដ្ឋឆែក រ៉វ៉ាន់ដា តង់ហ្សានី ប្រទេសសាំងគ្រីស្តូហ្វ-នីញ៉ែវ៉េស និងប្រទេសសៅតូម៉េ-ហ្វ្រាំងស៊ីប នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ ។

កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម ដើម្បីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងបេសកកម្មបន្តគាំទ្រដល់ការពង្រឹងនិងលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។

លោកជំទាវប្រធានរដ្ឋសភាបារាំង បានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត ពាក់ព័ន្ធទៅនឹងការធ្វើវិសោនកម្មច្បាប់នៅតាមបណ្តាប្រទេសនីមួយៗដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តីចូលរួមនៅក្នុងគ្រប់វិស័យ ដោយមិនមានការគម្រាមកំហែង។

ជាងនេះទៅទៀត មានការបំភ្លឺពីលោកជំទាវប្រធានរដ្ឋសភាមួយចំនួន ទាក់ទងទៅនឹងការធ្វើច្បាប់និងការអនុម័តច្បាប់តាមវិស័យដើម្បីឆ្លើយតបទៅនឹងសិទ្ធិស្រ្តីក្នុងការទទួលបានការអប់រំនៅថ្នាក់ខ្ពស់ ការទទួលបានសុវត្ថិភាព ចៀសផុតពីអំពើហិង្សា និងការបៀតបៀនទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញ ក្នុងនោះក៏មានការអនុម័តច្បាប់រំលូតកូន ព្រមទាំងបង្កើតឱ្យមានវប្បធម៌សមភាពនៅក្នុងសង្គមដើម្បីធានាបានថាមនុស្សគ្រប់រូប ដោយមិនគិតពីពណ៌សម្បុរ ជាតិសាសន៍ ឋានៈក្នុងសង្គម ភេទនិងសាសនាត្រូវបានទទួលស្គាល់និងឱ្យតម្លៃស្មើៗគ្នា ព្រមទាំងមានសិទ្ធិពេញលេញនៅក្នុងការចូលរួមសកម្មភាពនានានៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ខ្លួន។

ក្រោយការផ្តល់សន្និសីទសារព័ត៌មាន ប្រធានសភាស្រ្តីទាំង ២៥ រូប បានអញ្ជើញទស្សនារូបគំនូរ អំពីទេសភាពផ្ការំចង់ ដែលបង្ហាញពីការផ្សារភ្ជាប់ជីវិតរបស់វិចិត្រករទៅនឹងធម្មជាតិ និងជាពិសេសទៅនឹងអ្វីដែលគាត់ចូលចិត្ត។ គំនូរដ៏ល្បីល្បាញនេះត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរ Musée de l’Orangerie ដែលគូរដោយវិចិត្រករបែបសោភ័ណភាព និមិត្តនិយម (Impressionism) ដ៏ល្បីល្បាញលើពិភពលោកគឺ លោក Claude Monet ដែលត្រូវបានគេស្គាល់ថាជាវិចិត្រករដ៏អស្ចារ្យមួយរូបសម្រាប់គំនូររបស់គាត់អំពីទេសភាពខាងក្រៅ។ ផ្ទាំងគំនូរនេះត្រូវបានលោក Monet បរិច្ចាគដល់រដ្ឋបារាំងក្នុងឆ្នាំ 1922 ហើយដែលត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ Musée de l’Orangerie តាំងពីឆ្នាំ 1927។ សារមន្ទីរនេះមានភាពល្បីល្បាញដោយសារមានផ្ទាំងគំនូរធំៗជាច្រើនដែលជាស្នាដៃវិចិត្រករដ៏ល្បីល្បាញក្នុងពិភពលោក ដូចជា Monet, Renoir និង Picasso៕