សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនៅរោងចក្រ RG Footwear

0
92

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអគ្គីសភ័យឆេះរោងចក្រស្បែកជើងឈ្មោះ RG Footwear (Cambodia) Co., Ltd អស់ទាំងស្រុងនេះបានកើតហេតុនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៥០នាទី ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងនោះមានកម្មករនិយោជិតធ្វើការចំនួន២ ២០៥ នាក់ (ស្រី១ ០៣៦ នាក់)។


ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមសម្ដែងនូវសេចក្តីសោកស្តាយបំផុត ចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ហើយនឹងកំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិតនៃរោងចក្រ R.G Footwear ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។


ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកសារជាថ្មី ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន និងបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត សំដៅធានាបាននូវបរិយាកាស នៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព៕