សម្តេចធិបតីហ៊ុនម៉ាណែត៖ “មន្ទីរពេទ្យតេជោសែន កោះធំ ” ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ

0
122

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “មន្ទីរពេទ្យតេជោសែន កោះធំ” នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមានតម្រូវការសុខាភិបាល និយាយជារួមផងដែរ ។

សម្តេចធិបតី នាយករដ្ឋាមន្ត្រីបានបន្ថែមថា “មន្ទីរពេទ្យតេជោសែន កោះធំ” គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ ដោយបំពាក់នូវសម្ភារបរិក្ខារ និងឧបករណ៍ព្យាបាលទំនើប ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ដែលសមស្របតាមកម្មវិធីនយោបាយ និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយធ្វើការវិនិយោគទៅលើវិស័យសុខាភិបាល ដែលជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលជាកិច្ចការអាទិភាពទី៣ ក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១៕