សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ ជានិម្មិតរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព

0
117

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធីបតីក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ។

មានប្រសាសន៍នៅក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអរគុណដល់ក្រសួង-ស្ថាប័នគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនក្នុងនិងក្រៅប្រទេស ក៏ដូចជាបុគ្គលិក កម្មករ-កម្មការិនី ពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ និងសម្របសម្រួលឱ្យគម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នេះ ដំណើរការដោយរលូន ប្រកប ដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ចាប់តាំងពីពេលចាប់ផ្ដើមរហូតដល់សម្រេចបានលទ្ធផលជារូបរាងតាមផែនការ ហើយក៏គ្រោងនឹងបើកឱ្យដំណើរការនៅឆមាសទីមួយឆ្នាំ ២០២៥ ខាងមុខ ។ សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ជានិម្មិតរូបនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្ដិភាព និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ និងបណ្តុះបណ្តាលសមត្ថភាព គាំទ្រដល់ការរីកចម្រើនក្នុងវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងទ្បូជីស្ទីក ដល់តំបន់ជុំវិញ និងទូទាំងប្រទេស ក៏ដូចជាការជួយជំរុញការអភិវឌ្ឍប៉ូលទិសនិរតី រួមជាមួយគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ឈ្មោះថា “គម្រោងព្រែកជីកហ្វូណនតេជោ” ក្នុងតំបន់នេះ នាពេលអនាគតដ៏ខ្លីខាងមុខ សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ។

សម្តេចធិបតី ក៏បានរំឭកផងដែរថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ កសាងឡើងក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយផ្អែកតាមផែន ការ មេច្បាស់លាស់។ កម្មវិធីសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ត្រូវបានចែកចេញ ជា ៣ ដំណាក់កាលធំៗ គឺ ដំណាក់កាលទី ១ ពីឆ្នាំ ២០២០-ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី ២ ពីឆ្នាំ ២០៣០-២០៥០ សម្រាប់អ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និង ដំណាក់កាលទី ៣ ក្រោយឆ្នាំ ២០៥០ សម្រាប់អ្នកដំណើរពី ៥០ លាននាក់ឡើងទៅក្នុងមួយឆ្នាំ ៕