មន្ត្រីជាន់ខ្ពស់កម្ពុជា៖ គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ

0
69

ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិន និងមន្ត្រីជាន់ខ្ពស់កម្ពុជា សង្គមស៊ីវិល បានចាត់ទុក គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ហើយចំពោះប្រទេសឬក្រុមណាមួយថាមានចិនពីរនោះគឺពិតជាផ្ទុយទៅនឹងគោលការណ៍ប្រវត្តិសាស្ត្រចិននិងការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

នារសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ ក្នុងវេទិកាឆ្នាំ២០២៤ ស្តីពីគោលការណ៍ចិនតែមួយ នៅទីស្នាក់ការសមាគមកម្ពុជាចិន ឯកឧត្តមឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឧបាយកលថា មានចិនពីរ ឬចិនដីគោក និងចិនកោះតៃវ៉ាន់ គឺជាការជំរុញឱ្យមានអរិភាព និងការប្រឈមមុខដាក់គ្នាកាន់តែតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទាំងកម្រោល ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ បូរណភាពដែនដីចិន ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខតំបន់ និងពិភពលោក។

ឯកឧត្តមប្រធានសមាគមមិត្តភាពកម្ពុជាចិន បានបញ្ជាក់ថាគោលនយោបាយការបរទេសរបស់កម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍ចិនតែមួយ ដោយមិនងាករេឡើយ ។ គោលការណ៍ចិនតែមួយនេះ បានក្លាយជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ។ ក្នុងនោះកម្ពុជាទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើនពីចំណងមិត្តភាពកម្ពុជាចិន។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅម៉ុយ ថង ទីប្រឹក្សាឯកឧត្តម វង សូត្រ អនុប្រធានទី២រដ្ឋសភា និងជាអ្នកវិភាគបានបញ្ជាក់ថា ការទទួលស្គាល់នូវគោលការណ៍ចិនតែមួយ ពិតជាមានសារសំខាន់ណាស់ ព្រោះថា ប្រទេសទាំងអស់បើមានទំនាក់ទំនងល្អជាមួយចិនជាដំបូងចាំបាច់ត្រូវតែទទួលស្គាល់នូវគោលការណ៍ចិនតែមួយសិន។

លោកបណ្ឌិត ជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ការប្រកាន់គោលការណ៍ចិនតែមួយគឺជាការគោរពច្បាប់អន្តរជាតិ និងការសម្រេចរបស់អង្គការសហប្រជាជាតិដែលប្រកាសថា ប្រទេសចិនមានតែមួយ។

លោកបណ្ឌិតបញ្ជាក់ថា ចំពោះប្រទេសណាដែលគាំទ្រឱ្យមានបំបែកកោះតៃវ៉ាន់ចេញពីចិនគឺជាការរុញស្ថានការណ៍ពិភពលោកធ្លាក់ក្នុងវិនាសកម្ម ហើយវាផ្ទុយទៅនឹងការសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ។

ចំណែកលោក ឈិន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសើរចំពោះសមាគមទាំងពីរដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការផ្សព្វផ្សាយ ការចែករំលែក និងបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសចិន។

សូមបញ្ជាក់ថា នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ដោយមានវាគ្មិនជំនាញបានធ្វើបទបង្ហាញស្តីពីឯកសារព័ន្ធទៅនឹងគោលការណ៍ចិនតែមួយ ជូនដល់តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សហ្វ៊ុនសិនប៉ិច អ្នកតំណាងរាស្ត្រ មន្ត្រីរាជការពីបណ្តាក្រសួងស្ថាប័នចំនួន១៤ សហជីព សង្គមស៊ីវិល សាស្ត្រាចារ្យ និស្សិតពីបណ្តាសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ៕